(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កំពុងថ្លឹងថ្លែងពីតុល្យភាពរវាងការគំរាមកំហែង និងការផ្ដល់សម្បទានដើម្បីបញ្ចុះបញ្ចូលឱ្យអ៉ីរ៉ង់ ត្រឡប់មកអនុវត្តជាថ្មី នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ខណៈកិច្ចចរចានុយក្លេអ៊ែរគ្រោងនឹងចាប់ផ្ដើមឡើងវិញនៅក្នុងខែវិច្ឆិកានេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១។

អ៉ីរ៉ង់បានយល់ព្រមបើកកិច្ចចរចាជាថ្មីជាមួយមហាអំណាចលោកខាងលិច នៅឯទីក្រុងវីយ្យែន ប្រទេសអូទ្រីស នៅថ្ងៃទី២៩ ខែវិច្ឆិកានេះ បន្ទាប់ពីពួកគេបានចំណាយពេលអស់ ៥ខែមកហើយ ក្នុងការសង្រ្គោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលបានដាក់កំហិតលើការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរបស់ទីក្រុងតេហេរ៉ង់ ជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ច។

ប៉ុន្តែបច្ចុប្បន្ន អ៉ីរ៉ង់ត្រូវបានគេរាយការណ៍ថានៅតែបន្តបង្កើនចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមលើសពីអ្វីដែលបានកំណត់នៅក្រោមកិច្ចព្រមព្រៀង ស្របពេលបណ្ដាប្រទេសលោកខាងលិចមួយចំនួនដែលគាំទ្រកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ក៏បានព្រមានអ៉ីរ៉ង់ផងដែរថាកិច្ចព្រមព្រៀងនេះនឹងប្រែជាគ្មានតម្លៃអ្វីទាំងអស់ ប្រសិនបើអ៉ីរ៉ង់នៅតែបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម។

គួរបញ្ជាក់ថា រដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន បានយល់ព្រមចូលរួមក្នុងកិច្ចប្រជុំដោយប្រយោលជាមួយអ៉ីរ៉ង់ក្នុងទីក្រុងវីយ្យែន ក្នុងចេតនាស្ដារឡើងវិញនូវកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៉ីរ៉ង់ឆ្នាំ២០១៥ ដែលអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ បានដកសហរដ្ឋអាមេរិកចេញ។ លោក ត្រាំ បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើអ៉ីរ៉ង់ ក្នុងនោះរួមមានទាំង ទណ្ឌកម្មឯកតោភាគីលើវិស័យនាំចេញប្រេង ដែលនេះបង្ខំឱ្យអ៉ីរ៉ង់ព្យួរការអនុវត្តតាមកិច្ចព្រមព្រៀងនេះ៕