(វ៉ាស៊ីនតោន)៖ លោកប្រធានាធិបតី ចូ បៃដិន នឹងកំណត់ឲ្យកម្មករតាមក្រុមហ៊ុននានា នៅទូទាំងសហរដ្ឋអាមេរិក ដែលមានបុគ្គលិកយ៉ាងហោចណាស់ចាប់ពី ១០០នាក់ឡើងទៅ ត្រូវតែទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ពេញលេញ ឬត្រូវបានធ្វើតេស្តរៀងរាល់សប្តាហ៍ ចាប់ពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ ខាងមុខនេះតទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃសុក្រ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១។

ប្រការខាងលើនេះ កំពុងជំរុញឱ្យមានការប្រឈមមុខគ្នាផ្នែកច្បាប់ ពីគណបក្សសាធារណរដ្ឋដែលបានចោទប្រកាន់ភ្លាមៗថា លោក ចូ បៃដិន កំពុងប្រើអំណាច លើសពីអ្វីដែលលោកមាន។ ជាក់ស្តែងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីបានដឹងឮអំពីផែនការរបស់លោក ចូ បៃដិន, អភិបាលរដ្ឋមួយចំនួនដូចជា ផ្ល័ររីដា (Florida), អ៊ីយ៉ូវ៉ា (Iowa) និង អ៊ីនដៀណា (Indiana) ជាដើម បានប្តេជ្ញាថានឹងប្រឆាំងឲ្យដល់ទីបំផុត ពីព្រោះពួកគេចាត់ទុកថា វានឹងក្លាយជាច្បាប់ដែលរំលោភសិទ្ធិសេរីភាពបុគ្គល។

គួរបញ្ជាក់ថា ការកំណត់ដោយអាជ្ញាធរ ឲ្យបុគ្គលិកបម្រើការនៅស្ថាប័នឯកជន ត្រូវតែទទួលបានការចាក់វ៉ាក់សាំងខាងលើនេះ នឹងអាចគ្របដណ្តប់លើមនុស្សប្រមាណ ៨៤.២លាននាក់ ដែលបម្រើការងារឲ្យនិយោជកឯកជនប្រមាណ ១.៩លានកន្លែង។ ការកំណត់ខាងលើនេះត្រូវបានគេមើលឃើញថា ជាការដោះស្រាយនូវករណីឆ្លងជំងឺ COVID-19 និងបាត់បង់ជីវិត ដែលនៅតែស្ថិតក្នុងកម្រិតខ្ពស់គួរឲ្យព្រួយបារម្ភ ខណៈអត្រាចាក់វ៉ាក់សាំងនៅទូទាំងសហរដ្ឋអាមេរិក បានស្ថិតក្នុងភាពយឺតយ៉ាវខ្លាំង នាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ៕