(ឡង់ដ៍)៖ ចក្រភពអង់គ្លេសនៅថ្ងៃព្រហស្បតិ៍ ទី០៤ ខែវិច្ឆិកានេះ បានក្លាយជាប្រទេសដំបូងគេក្នុងពិភពលោក ដែលអនុម័តឲ្យប្រើប្រាស់ថ្នាំប្រឆាំងវីរុសកូវីដ១៩ ដែលបានបង្កើតឡើងដោយក្រុមហ៊ុន Merck និង Ridgeback Biotherapeutics ក្នុងការជំរុញដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតមួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

សេចក្តីសម្រេចនេះបានថ្នាំដែលមានឈ្មោះថា molnupiravir ក្លាយជាថ្នាំគ្រាប់សម្រាប់ព្យាបាលជំងឺកូវីដ១៩ ដំបូងគេ ដែលត្រូវបានអនុម័ត ជាមួយនឹងការទទួលបាន ភ្លើង ខៀវពីទីភ្នាក់ងារឱសថអាមេរិកថា នឹងអនុម័តនាពេលឆាប់ៗនេះផងដែរ។ ទីប្រឹក្សាអាមេរិកនឹងជួបប្រជុំគ្នាក្នុងកំឡុងខែនេះ ដើម្បីបោះឆ្នោតថាតើថ្នាំ molnupiravir គួរតែត្រូវបានអនុញ្ញាតឬយ៉ាងណា។

គួរបញ្ជាក់ថា កាលពីខែមុន ចក្រភពអង់គ្លេសបានឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Merck សម្រាប់ការទិញថ្នាំ molnupiravir ចំនួន៤៨០,០០០វគ្គព្យាបាល៕