(ប៊ែរឡាំង)៖ យោងតាមទិន្នន័យពីទីភ្នាក់ងារសុខភាពអាល្លឹម៉ង់ Robert Koch Institute (RKI) បានឲ្យដឹងថា ប្រទេសអាល្លឺម៉ង់កាលពីថ្ងៃព្រហស្បតិ៍ ទី០៤ ខែវិច្ឆិកានេះ បានជួបប្រទះការកើនឡើង នៃចំនួនករណីឆ្លងដ៏ច្រើនបំផុតមិនធ្លាប់មាន ចាប់តាំងពីជំងឺរាតត្បាតនេះបានចាប់ផ្តើម។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AP។

ទីភ្នាក់ងា RKI បាននិយាយថា អាល្លឺម៉ង់បានកត់ត្រាករណីឆ្លងថ្មីចំនួន៣៣,៩៤៩ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ ម៉ោងកន្លងមកនេះ ដោយបានបំបែកកំណត់ត្រាប្រចាំថ្ងៃលើសចំនួនកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ទៅទៀត ដែលកាលណោះមានចំនួន៣៣,៧៧៧ករណី។

គួរបញ្ជាក់ថា ករណីឆ្លងថ្មីក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ បានកើនឡើងយ៉ាងខ្លាំង ដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Jens Spahn បានព្រមានថា នេះជារលកឆ្លងលើកទីបួន ដែលកំពុងបក់បោក «ជាមួយនឹងកម្លាំងពិសេស»។

ការកើនឡើងនៃករណីឆ្លងថ្មីនេះទៀតសោត កើតឡើងនៅពេលដែលប្រទេសអាឡឺម៉ង់ស្ថិតក្នុងស្ថានភាពនយោបាយ បន្ទាប់ពីការបោះឆ្នោតសកលកាលពីខែកញ្ញាកន្លងទៅ ដោយក្រុមអ្នកប្រជាធិបតេយ្យសង្គមបានឈ្នះឆ្នោត ដោយសង្ឃឹមថានឹងមានរដ្ឋាភិបាលចម្រុះថ្មីនៅដើមខែធ្នូ៕