(ប៉េកាំង)៖ ថ្ងៃទី១១ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ លោក Maxime Vivas អ្នកនិពន្ធ, អ្នកអត្ថាធិប្បាយ និងជាអ្នកសារព័ត៌មានល្បីឈ្មោះនៃប្រទេសបារាំង បានធ្វើសកម្មភាព ដាក់ញតិ្តតាមរយៈវេបសាយសប្បុរសធម៌ Change។ ក្នុងញត្តិនេះ លោកបានរៀបរាប់ពីការដែលប៉ុន្មានឆ្នាំកន្លងមកនេះ លោកបានរងការមួលបង្កាច់ និងការប្រមាថ ដោយសារលោកបានវាយតម្លៃប្រទេសចិនដោយសត្យានុម័ត និងយុត្តិធម៌។

លោកសូមអំពាវនាវមជ្ឈដ្ឋាននានានៃសហគមន៍អន្តរជាតិឱ្យវាយតម្លៃប្រទេសចិនដោយយុត្តិធម៌។ លោក Maxime Vivas ធ្លាប់ទៅសិក្សាស្វែងយល់នៅតំបន់ស៊ីនជាំង ប្រទេស ចិនពីរលើក ហើយបាននិពន្ធសៀវភៅក្រោមចំណងជើងថា «ទីបញ្ចប់នៃព័ត៌មានក្លែងក្លាយអំពីជនជាតិវៃវូអឺ» ដោយបានប្រើពេល ៤ឆ្នាំ ហើយនៅឆ្នាំ២០២០ ទីភ្នាក់ងារបោះពុម្ពផ្សាយមួយនៃប្រទេសបារាំងបានបោះពុម្ពសៀវភៅនេះ។ ក្នុងសៀវភៅនេះ លោកបានលាតត្រដាងពីការដែលមូលនិធីប្រជាធិបតេយ្យជាតិអាមេរិក «NED» អង្គការវៃវូអឺសកល និងអង្គការសង្កេតការណ៍សិទ្ធិមនុស្សបានប្រើប្រាស់វិធីណាខ្លះ ដើម្បីប្រឌិតនិងផ្សព្វផ្សាយពាក្យចចាមអារ៉ាមពាក់ព័ន្ធនឹងតំបន់ស៊ីនជាំង។

ក្នុងញត្តិនេះ លោក Maxime Vivas បានរៀបរាប់ពីការវាយប្រហារទៅលើរូបលោកដោយសារសៀវភៅនេះ។ បច្ចុប្បន្ន មានឥស្សរជនជាង១៥០រូប ដែលមកពីគ្រប់មជ្ឈដ្ឋាន និងគ្រប់តំបន់នៅលើពិភពលោកបានស៊ីញ៉េឈ្មោះខ្លួនលើញតិ្តនេះរួចហើយ។ អ្នកចូលរួមសកម្មភាពស៊ីញ៉េឈ្មោះមកពីប្រទេសចិន បារាំង ប្រ៊ុចសែល ស្វ៊ីស កាណាដា និងលីបង់ជាដើម ដែលជាអ្នកប្រកបអាជីពផ្សេងៗគ្នា ដូចជាវិស័យសង្គមវិជ្ជា, សំណង់ និងការទូតជាដើម។

លោក Zheng Ruolin អ្នកសិក្សាស្រាវជ្រាវនៃវិទ្យាស្ថានចិនរបស់សកលវិទ្យាល័យ Fudan និងជាអ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់នៃធនាគារគំនិត Taihe ក៏បានចូលរួម សកម្មភាពស៊ីញ៉េឈ្មោះលើញតិ្តនេះដែរ។ លោកបានថ្លែងថា លោក Maxime Vivas ប្រកាន់ខ្ជាប់ការផ្សាយព័ត៌មានពិតអំពីប្រទេសចិន គឺមិនមែនដើម្បីផលប្រយោជន៍ផ្ទាល់ ខ្លួនទេ គឺដើម្បីស្វែងរកការពិត៕