(វ៉ាស៊ីនតោន)៖ សុភាសិតមួយនិយាយថា «សត្រូវ និងមិត្តអាចប្រែប្រួលបានគ្រប់ពេល។ សត្រូវនៅថ្ងៃនេះអាចក្លាយជាមិត្តនៅថ្ងៃស្អែក ហើយមិត្តនៅថ្ងៃនេះក៏អាចក្លាយជាសត្រូវនៅថ្ងៃស្អែកដែរ»។ ការប្រកួតប្រជែងសព្វថ្ងៃរបស់សហរដ្ឋអាមេរិកជាមួយរុស្ស៊ី និងចិន វាប្រៀបបានដូចជា «ភ្នំមួយមានខ្លា៣» ដោយខ្លាមួយក្បាលមិនអាចប្រជែងឈ្នះ ខ្លាពីរក្បាលដែលរួមដៃគ្នា ក្នុងពេលតែមួយបាននោះទេ។

ការប្រជែងជាមួយចិនផង និងរុស្ស៊ីផង វាបានធ្វើឱ្យប្រទេសទំាង២នេះកាន់តែខិតជិតគ្នា ហើយរហូតដល់មើលឃើញសហរដ្ឋអាមេរិកជា «សត្រូវរួម» ដែលពួកគេត្រូវតែរួមដៃ គ្នាដើម្បីទប់ទល់។ ក្រុមអ្នកជំនាញយល់ស្របដូចគ្នាថាសហរដ្ឋអាមេរិកនឹងមិនអាចការពារផលប្រយោជន៍ ឬសម្ព័ន្ធមិត្តរបស់ខ្លួនបានឡើយ ប្រសិនបើចិន និងរុស្ស៊ីរួមដៃគ្នា ប្រឆាំងនឹងអាមេរិកពេញទំហឹង។ នៅក្រោមរដ្ឋបាលដឹកនាំដោយលោកប្រធានាធិបតី ចូ បៃដិន, សហរដ្ឋអាមេរិកបានចាត់ទុកចិនជាគូប្រជែងភូមិសាស្ត្រនយោបាយដ៏ធំបំផុត នៅក្នុងស.វទី២១នេះ ដូច្នេះសហរដ្ឋអាមេរិកត្រូវតែស្ដារទំនាក់ទំនងឡើងវិញជាមួយរុស្ស៊ី ឬយ៉ាងហោចណាស់បញ្ចុះបញ្ចូលឱ្យរុស្ស៊ីឈរនៅម្ខាងនៃការប្រជែងជាមួយចិន។

*ប្រសិនបើចិនរួមដៃជាមួយរុស្ស៊ី

ថ្វីបើទីក្រុងប៉េកាំង និងទីក្រុងម៉ូស្គូ មិនមានបំណងបង្កើតបក្សសម្ព័ន្ធយោធាផ្លូវការណាមួយ, ប្រទេសទាំង២ កំពុងមានទំនាក់ទំនងជិតស្និទ្ធនឹងគ្នាស្ទើរតែគ្រប់វិស័យ ជាពិសេស គឺកិច្ចសហប្រតិបត្តិការយោធាតែម្ដង។ ការធ្វើសមយុទ្ធយោធាជើងទឹករួមគ្នាក្នុងឆ្នាំ២០២១នេះ និងការចូលរួមក្នុងប្រតិបត្តិការល្បាតរួមគ្នានៅឯតំបន់ច្រកសមុទ្រ Tsugaru ក្នុងតំបន់សមុទ្រជប៉ុនកាលពីពេលថ្មីៗនេះ វាជាឧទាហរណ៍មួយនៃការកើនឡើងនូវទំនាក់ទំនងស្អិតរមួតរវាងចិន និងរុស្ស៊ី។ ផលវិបាកនៃទំនាក់ទំនងនេះវាប្រៀបបានទៅនឹង ការប្រជែងគ្នាក្នុងសង្រ្គាមត្រជាក់រវាងអាមេរិក និងអតីតសហភាពសូវៀតដូច្នោះដែរ ពីព្រោះវាសុទ្ធតែគំរាមកំហែងដល់តួនាទីជាមេដឹកនាំពិភពលោករបស់សហរដ្ឋអាមេរិក។

មហាអំណាចយោធាលេខ២ នៅលើលោកដូចជារុស្ស៊ី និងមហាអំណាចលេចមុខថ្មីទាំងសេដ្ឋកិច្ច និងយោធាដូចជាចិន ប្រសិនបើពួកគេរួមគ្នាប្រឆាំងនឹងសហរដ្ឋអាមេរិក ពេញទំហឹងមែន នោះវានឹងក្លាយការគំរាមកំហែងដ៏មហិមាចំពោះសហរដ្ឋអាមេរិក។

*សត្រូវនៃសត្រូវរបស់ខ្ញុំ គឺជាមិត្តរបស់ខ្ញុំ

រដ្ឋបាលប្រធានាធិបតីលោក ចូ បៃដិនបានចាត់ទុកចិនជាគូប្រជែងភូមិសាស្ត្រនយោបាយដ៏ធំបំផុតនៅក្នុងស.វទី២១នេះ ដែលអាចប្រមូលផ្ដុំកម្លាំងសឹងតែគ្រប់វិស័យរាប់ចាប់ពីសេដ្ឋកិច្ច, យោធា រហូតដល់បច្ចេកវិទ្យាដើម្បីប្រឆាំងជាមួយអាមេរិក។ ចំណែកឯ រុស្ស៊ីវិញជាទូទៅត្រូវបានគេចាត់ទុកថាជាមហាអំណាចនុយក្លេអ៊ែរមួយដែលកំពុង ថយចុះឥទ្ធិពល និងកន្តឿសេដ្ឋកិច្ច ប៉ុន្តែនេះមិនមែនមានន័យថារុស្ស៊ីមិនអាចបង្កការគំរាមកំហែងដល់សហរដ្ឋអាមេរិកនោះទេ។ រុស្ស៊ីសព្វថ្ងៃគឺជាមហាអំណាចយោធាលេខ២ នៅលើពិភពលោកដែលមានបច្ចេកវិទ្យាយោធាទំនើបៗ ដែលសូម្បីតែអាមេរិក និង NATO ក៏ញញើតដែរ។

នៅក្រោមការដឹកនាំរបស់លោក ស៊ី ជិនពីង និងលោក វ្ល៉ាឌីមៀ ពូទីន រុស្ស៊ី និងចិនបានបង្កើនកិច្ចសហប្រតិបត្តិការ និងរឹតចំណងមិត្តភាពនឹងគ្នាដែលបានប្រែកា្លយទំនាក់ទំនង មិត្តភាពរវាងប្រទេសទាំង២ ទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយ» ដែលនេះមានន័យថាទំនាក់ទំនងចិន និងរុស្ស៊ីឈានដល់កម្រិតនៃទំនាក់ទំនងរវាងអាមេរិក ជាមួយកោះតៃវ៉ាន់ដែរ។ ទំនាក់ទំនងស្អិតរមួតបែបនេះហើយ ដែលធ្វើឱ្យក្រុមមន្ត្រីអាមេរិកបារម្ភថាសហរដ្ឋអាមេរិកអាចនឹងត្រូវប្រឈមមុខនឹង «សមរភូមិសង្រ្គាមទាំងមុខ ទាំងក្រោយ»។ ពោលគឺនៅក្នុងការធ្វើសង្រ្គាម «ដោយមិនប្រើអាវុធនុយក្លេអ៊ែរ» ជាមួយនឹងមហាអំណាចធំ២ ព្រមពេលជាមួយគ្នាដូចជាចិន និងរុស្ស៊ី, សហរដ្ឋអាមេរិកត្រូវការ ធនធានយ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយការរឹតត្បិត ឬកង្វះខាតធនធាននឹងធ្វើឱ្យកងទ័ពអាមេរិកបាត់បង់សមត្ថភាពទៅតាមនោះដែរ។

ជាឧទាហរណ៍, ក្នុងករណីចិនបើកការវាយប្រហារលើកោះតៃវ៉ាន់នៅថ្ងៃណាមួយ, សហរដ្ឋអាមេរិកត្រូវប្រមូលកងទ័ព និងធនធានមកពីគ្រប់ទិសទីដែលខ្លួនមានដើម្បីការពារ កោះតៃវ៉ាន់ (បើអាមេរិកសម្រេចចិត្តចូលជួយតៃវ៉ាន់)។ ប៉ុន្តែ នៅក្នុងពេលដកធនធានទាំងនេះ, បើរុស្ស៊ីឆ្លៀតឱកាសវាយប្រហារលើបណ្ដាប្រទេសលើតំបន់បាល់ទិច សួរថា តើអាមេរិកមានលទ្ធភាពការពារសម្ព័ន្ធមិត្តក្នុងតំបន់អឺរ៉ុបពីរុស្ស៊ីដែរ ឬទេ? ការបាត់បង់សម្ព័ន្ធមិត្តណាមួយ វានឹងធ្វើឱ្យសម្ព័ន្ធមិត្តអស់ជំនឿលើសហរដ្ឋអាមេរិក។ ដូច្នេះហើយ អាមេរិកត្រូវការយុទ្ធសាស្ត្រជាក់លាក់មួយក្នុងការរក្សាតុល្យភាពនៃទំនាក់ទំនងជាមួយរុស្ស៊ី ឬក៏ត្រូវធ្វើការសម្រេចចិត្តដ៏ពិបាកមួយចាប់ដៃជាមួយសត្រូវដែលមើលទៅបង្កការ គំរាមកំហែងតិចតួច ដូចដែលខ្លួនធ្លាប់បានធ្វើកាលពីអតីតកាល។

ក្នុងសម័យសង្រ្គាមត្រជាក់នៅចុងទសវត្សរឆ្នាំ១៩៦០, សហរដ្ឋអាមេរិកបានបំបែកបំបាក់សម្ព័ន្ធភាពរវាងចិន និងអតីតសហភាពសូវៀតដោយជោគជ័យ តាមរយៈការបើកកិច្ចចរចាជាសម្ងាត់ជាមួយទីក្រុងប៉េកាំង ដើម្បីរួមដៃគ្នាប្រឆាំងនឹងឥទ្ធិពលសូវៀត។ នៅពេលនោះ, សហរដ្ឋអាមេរិកបានផ្ដល់សម្បទានដ៏ច្រើន ក្នុងនោះរួមមានទាំងការផ្ដាច់ ទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ និងងាកមកទទួលស្គាល់ចិន ហើយការចូលរួមរបស់ចិនក៏ជាចំណែកមួយជួយឱ្យអាមេរិកឈ្នះក្នុងសង្រ្គាមត្រជាក់ រីឯសហភាពសូវៀតត្រូវដួលរលំ។

បើតាមក្រុមអ្នកវិភាគ, យុទ្ធសាស្ត្របែបនេះអាចនឹងទទួលបានជោគជ័យ តែវាអាស្រ័យលើសហរដ្ឋអាមេរិកចង់ ឬមិនចង់តែប៉ុណ្ណោះ។ សម្រាប់រុស្ស៊ី ប្រទេសអឺរ៉ុបខាងលិច និងអង្គការ NATO គឺជាការគំរាមកំហែងមួយដ៏ធំ ពីព្រោះការបង្កើនសកម្មភាពយោធារបស់ NATO នៅតាមបណ្ដាប្រទេសអឺរ៉ុបខាងកើតដែលមានព្រំដែនជាប់រុស្ស៊ីបានធ្វើឱ្យ ទីតាំងយុទ្ធសាស្ត្ររបស់រុស្ស៊ីស្ថិតនៅក្រោមការគំរាមកំហែងមួយដ៏ធំ ហើយវាក៏ជាហេតុផលមួយជំរុញឱ្យរុស្ស៊ីបោះដៃរកចិនដែរ។ នេះមានន័យថាប្រសិនបើអាមេរិកដែលជាបងធំ NATO ផ្ដល់សម្បទានដូចជាបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ច, អនុញ្ញាតឱ្យរុស្ស៊ីត្រឡប់ចូលមកក្នុងក្រុមប្រទេស G8 (បច្ចុប្បន្ន G7) វិញ និងធ្វើឱ្យទំនាក់ទំនងយោធា អាមេរិក-រុស្ស៊ីត្រឡប់ទៅរកភាពប្រក្រតី វាអាចនឹងធ្វើឱ្យរុស្ស៊ីយល់ថាខ្លួនឯងមានសុវត្ថិភាព នោះយ៉ាងហោចណាស់នឹងផ្លាស់ប្ដូរអាកប្បកិរិយា ឬប្ដូរការគិតរបស់រុស្ស៊ីកុំឱ្យងាក ទៅរកចិនខ្លាំងពេក។ ការធ្វើបែបនេះបាន វានឹងបង្កឱ្យចិនមានការសង្ស័យចំពោះទំនាក់ទំនងជាមួយទីក្រុងម៉ូស្គូ ឬអាចនិយាយបែបទៀតបានថាអាមេរិកកាន់តែធ្វើខ្លាំង រុស្ស៊ី នឹងកាន់តែងាកទៅរកចិន ឬក៏សម្ព័ន្ធភាពមួយដែលមានការសង្ស័យច្រើននឹងមិនអាចគង់វង្សយូរអង្វែងទេ។

ជាការពិតណាស់, ការស្ដារទំនាក់ទំនងឡើងវិញជាមួយរុស្ស៊ីនឹងបង្កការព្រួយបារម្ភដល់បណ្ដាប្រទេសអឺរ៉ុបខាងលិច, ក្នុងតំបន់បាល់ទិច និងប្រទេសអឺរ៉ុបខាងកើតដូចជា អ៊ុយក្រែនតែម្ដង ដែលនឹងជំទាស់នឹងការធ្វើបែបនេះ។ តែអ្វីៗគឺអាស្រ័យទៅលើថាតើសហរដ្ឋអាមេរិកនឹងចាត់ទុកសកម្មភាពរបស់រុស្ស៊ីក្នុងតំបន់គ្រីមៀ ឬក៏សកម្មភាពរបស់ ចិនក្នុងតំបន់សមុទ្រចិនខាងត្បូងមួយណាចាំបាច់ត្រូវដោះស្រាយមុន? ហើយថាតើអាមេរិកហ៊ានលះបង់គុណតម្លៃ ក្នុងនាមជាមេដឹកនាំប្រជាជាធិបតេយ្យ និងសិទ្ធិមនុស្ស ដែរឬទេ? ពីព្រោះថាអាមេរិក និងអឺរ៉ុបតែងតែចាត់ទុករុស្ស៊ីជាប្រទេសមួយដែលបំផ្លាញប្រជាធិតេយ្យ និងសិទ្ធិមនុស្សដែលជាផែ្នកមួយនៃសណ្ដាប់ធ្នាប់ពិភពលោកតាមបែប លោកខាងលិច។

យ៉ាងណាក៏ដោយ អ្វីដែលគេអាចនិយាយបានគឺការប្រជែងជាមួយចិន និងរុស្ស៊ីព្រមពេលជាមួយគ្នា វាមិនមែនជាយុទ្ធសាស្ត្រល្អសម្រាប់អាមេរិកនោះទេ ហើយប្រវត្តិសាស្ត្រ ក៏បានប្រាប់យើងរួចហើយថាតើសហរដ្ឋអាមេរិកអាចនឹងធ្វើអ្វីៗគ្រប់យ៉ាង នៅពេលប្រយោជន៍ជាតិរបស់ពួកគេប្រឈមមុខនឹងគ្រោះថ្នាក់៕

ប្រភព៖ 19fortyfive (ថ្ងៃពុធ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១)