(រ៉ង់ហ្គូន)៖ យោធាមីយ៉ាន់ម៉ាសម្រេចចិត្តបដិសេធមិនអនុញ្ញាតឱ្យបេសកជនពិសេសអាស៊ាន លោក អេរីវ៉ាន យូសូហ្វ (Erywan Yusof) ចូលទៅជួបអតីតមេដឹកនាំមីយ៉ាន់ លោកស្រី អោង សាន ស៊ូ ជី (Aung San Suu Kyi) ដែលកំពុងស្ថិតក្នុងការឃុំឃាំងឡើយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១។

យោធាមីយ៉ាន់ម៉ាប្រកាន់គោលជំហប្រឆាំងនឹងសម្ពាធពីអន្តរជាតិកាន់តែខ្លាំងឡើង ក្នុងការអនុវត្តតាមផែនការសន្តិភាព ៥ចំណុច ដែលមេដឹកនាំរបបយោធាមីយ៉ាន់ម៉ា លោកឧត្តមសេនីយ៍ មីន អោង ហ្លេង (Min Aung Hlaing) បានព្រមព្រៀងជាមួយអាស៊ានកាលពីខែមេសាកន្លងទៅនេះ។

លោកឧត្តមសេនីយ Soe Win ដែលបច្ចុប្បន្នជាឧបនាយករដ្ឋមន្ត្រីនៃរបបយោធាមីយ៉ាន់ម៉ា បាននិយាយថា ការអនុញ្ញាតឱ្យជនបរទេសចូលទៅជួបនរណាម្នាក់ដែលត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្ម គឺជាការប្រឆាំងនឹងច្បាប់ក្នុងស្រុក។

លោកឧត្តមសេនីយ Soe Win បានថ្លែងនៅក្នុងសុន្ទរកថាមួយដែលបានចេញផ្សាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយរដ្ឋថា «ខ្ញុំជឿថា គ្មានប្រទេសណាមួយ នឹងអនុញ្ញាតឱ្យនរណាម្នាក់ធ្វើលើសពីច្បាប់ដែលមានស្រាប់ដូចនេះទេ»

គួរបញ្ជាក់ថា ការលើកឡើងរបស់លោកឧត្តមសេនីយ Soe Win បែបនេះ បានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ានតាមប្រព័ន្ធអនឡាញកាលពីសប្តាហ៍មុន ដែលមីយ៉ាន់ម៉ាមិនបានចូលរួមឡើយ៕