(ប៉េកាំង)៖ ព្រឹកថ្ងៃទី៣ ខែវិច្ឆិកា នៅទីក្រុងប៉េកាំង គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងក្រុមប្រឹក្សាកិច្ចការដ្ឋចិនបានប្រារព្ធធ្វើមហាសន្និបាត ប្រគល់រង្វាន់វិទ្យាសាស្រ្ត និងបច្ចេកវិទ្យាជាតិចិន។ លោក Xi Jinping និងលោក Li Keqiang ជាដើម ដែលជាមេដឹកនាំបក្ស និងរដ្ឋចិនបានអញ្ជើញចូលរួមមហាសន្និបាត និងប្រគល់រង្វាន់។

លោក Li Keqiang នាយករដ្ឋមន្ត្រីចិនបានតំណាងមជ្ឈិមបក្សកុម្មុយនិសចិន និងក្រុមប្រឹក្សាកិច្ចការរដ្ឋចិន សម្តែងគារវកិច្ចដ៏ខ្ពង់ខ្ពស់ដល់បុគ្គលិកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទូទាំងប្រទេសចិន និងថ្លែងអំណរគុណដ៏ស្មោះត្រង់ ចំពោះអ្នកជំនាញអន្តរជាតិដែលបានចូលរួម និងគាំទ្របុព្វហេតុវិទ្យាសាស្ត្រ និងបច្វេកវិទ្យារបស់ចិន។

លោក Li Keqiang បានថ្លែងថា បក្សកុម្មុយនិស្តចិនយកចិត្តទុកដាក់ខ្ពស់ ចំពោះការអភិវឌ្ឍបុព្វហេតុវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា គោរពរាប់អានបុគ្គលិកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ប្រទេសចិនបានចាប់ផ្តើមដំណើរថ្មី នៃការកសាងប្រទេសទំនើប សង្គមនិយមដោយគ្រប់ជ្រុងជ្រោយ ហេតុនេះត្រូវបន្តខិតខំលើកកម្ពស់សមត្ថភាពច្នៃប្រឌិតថ្មី ខាងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដោយគ្រប់ជ្រុងជ្រោយ បង្កើនការការពារកម្មសិទ្ធិបញ្ញា ជំរុញការបណ្តុះបណ្តាលធនធានមនុស្សវ័យក្មេង ឱ្យមានកាន់តែច្រើនឡើងៗ ធ្វើឱ្យកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាអន្តរជាតិ ឱ្យកាន់តែស៊ីជម្រៅ ដើម្បីសម្រេចការផ្តល់ប្រយោជន៍គ្នា និងឈ្នះ-ឈ្នះក្នុងការពង្រីកការបើកទូលាយ។

សូមបញ្ជាក់ថា លោកបណ្ឌិតសភាចារ្យ Gu Songfen ដែលជាវិស្វករដ៏ល្បីល្បាញខាងរចនាយន្តហោះរបស់ប្រទេសចិនថ្មី លោកបណ្ឌិតសភាចារ្យ Wang Dazhong អ្នកវិទ្យាសាស្ត្រថាមពលនុយក្លេអ៊ែរល្បីឈ្មោះលំដាប់អន្តរជាតិ ទទួលបានរង្វាន់វិទ្យាសាស្រ្ត និងបច្ចេកវិទ្យាជាតិចិនប្រចាំឆ្នាំ ២០២០។

មហាសន្និបាតលើកនេះបានជ្រើសរើសគម្រោងសរុប ២៦៤ ក្នុងនោះ ក្រុមការងារលោកបណ្ឌិតសភាចារ្យ Zhong Nanshan ទទួលបានរង្វាន់ក្រុមការងារនវានុវត្តន៍ និងរង្វាន់វឌ្ឍនភាពវិទ្យាសាស្រ្តបច្ចេកវិទ្យា។ អ្នកជំនាញបរទេសចំនួន ៨រូប និងអង្គការអន្តរជាតិមួយ ទទួលរង្វាន់សហប្រតិបត្តិការខាងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាអន្តរជាតិនៃសាធារណរដ្ឋប្រជាមានិតចិន។

រង្វាន់វិទ្យាសាស្រ្តនិងបច្ចេកវិទ្យាជាតិចិន បង្កើតឡើងដោយក្រុមប្រឹក្សាកិច្ចការដ្ឋចិនកាលពីឆ្នាំ ១៩៩៩ បូករួមទាំងរង្វាន់វិទ្យាសាស្រ្ត និងបច្ចេកវិទ្យាកំពូលថ្នាក់ជាតិ រង្វាន់វិទ្យាសាស្ត្រធម្មជាតិថ្នាក់ជាតិ រង្វាន់បច្ចេកទេសតក្កកម្មថ្នាក់ជាត រង្វាន់វឌ្ឍនភាពវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាថ្នាក់ជាតិ និងរង្វាន់សហប្រតិបត្តិការខាងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអន្តរជាតិនៃសាធារណរដ្ឋប្រជាមានិតចិន៕