(ស៊ូដង់)៖ នាយករដ្ឋមន្ត្រីស៊ូដង់ លោក Abdalla Hamdok បានយល់ព្រមត្រឡប់ចូលកាន់តំណែងសាជាថ្មី និងដឹកនាំរដ្ឋាភិបាលអន្តរកាលមួយនៃប្រទេសស៊ូដង់បន្ទាប់ពី យោធានៃប្រទេសក្នុងតំបន់អាហ្វ្រិកខាងជើងមួយនេះ ទើបតែធ្វើរដ្ឋប្រហារបណ្ដេញរូបលោកពីអំណាចកាលពីពេលថ្មីៗនេះ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយស៊ូដង់ ដកស្រង់ចេញ ផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃពុធ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១។

ទូរទស្សន៍ស៊ូដង់ Al Hadath TV ដោយផ្អែកលើប្រភពដែលខ្លួនទទួលបាន បានឱ្យដឹងថាលោក Hamdok បានយល់ព្រមលើលក្ខខណ្ឌក្នុងការត្រឡប់ចូលកាន់តំណែងសាជាថ្មី និងដឹកនាំរដ្ឋាភិបាលអន្តរកាលមួយនៃប្រទេសស៊ូដង់ ជាថ្នូរនឹងការដោះលែងអ្នកទោសយោបាយដែលកំពុងជាប់ឃុំ។ ប៉ុន្តែ ប្រភពស្និទ្ធនឹងលោក Hamdok បានអះអាងថា នាយករដ្ឋមន្ត្រីអស់អំណាចរូបនេះមិនបានឈានដល់កិច្ចព្រមព្រៀងណាមួយជាមួយយោធាស៊ូដង់នោះទេ ខណៈកិច្ចចរចាកំពុងដំណើរការនៅឡើយ។

គួរបញ្ជាក់ថា នាយករដ្ឋមន្រ្តីស៊ូដង់ លោក Abdalla Hamdok និងមន្រ្តីជាន់ខ្ពស់មួយចំនួនទៀត ត្រូវបានចាប់ខ្លួនក្នុងការធ្វើរដ្ឋប្រហារដោយយោធាកាលពីថ្ងៃទី២៥ ខែតុលា កន្លងទៅនេះ។ លោក Hamdok និងភរិយាត្រូវបានគេរាយការណ៍ថាបច្ចុប្បន្នកំពុងជាប់ឃុំនៅឯគេហដ្ឋានរបស់លោកក្រោមការរឹតបន្តឹងសន្តិសុខយ៉ាងខ្លាំង ហើយ សហគមន៍អន្តរជាតិក៏បានថ្កោលទោសរដ្ឋប្រហារ និងអំពាវនាវឱ្យយោធាដោះលែងអ្នកកំពុងជាប់ឃុំជាបន្ទាន់ផងដែរ៕