(ប៉េកាំង)៖ នៅថ្ងៃពុធនេះចិនបានចេញមុខឆ្លើយតប ការរិះគន់របស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដែលបានចោទទីក្រុងប៉េកាំងថា មិនបានបង្ហាញភាពជាអ្នកដឹកនាំ ក្រោយប្រធានាធិបតីចិន លោក ស៉ី ជិនពីង មិនបានធ្វើដំណើរទៅចូលរួមដោយផ្ទាល់ ក្នុងសន្និសីទកំពូលស្តីពីការប្រែប្រួលអាកាសធាតុ COP26 របស់អង្គការសហប្រជាជាតិ ដែលប្រារព្ធឡើងនៅប្រទេសស្កុតលែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅល្ងាចថ្ងៃពុធ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក ស៉ី ជីនពីង មិនបានចូលរួមដោយផ្ទាល់ ជាមួយមេដឹកនាំពិភពលោកជាច្រើនរូបទៀតឡើយ នៅក្នុងសន្និសីទ COP26 របស់អង្គការសហប្រជាជាតិ (UN) ដោយលោកបានត្រឹមថ្លែងសារតាមប្រព័ន្ធវីដេអូ។ តាមពិតទៅ លោក ស៉ី ជិនពីង ត្រូវបានគេមើលឃើញថា មិនបានធ្វើដំណើរចេញក្រៅប្រទេសចិននោះទេ គិតចាប់តាំងតែពីជំងឺឆ្លងរាតត្បាតសកល COVID-19 បានផ្ទុះឡើងមកម៉្លេះ។

កាលពីថ្ងៃអង្គារសប្តាហ៍នេះ លោក ចូ បៃដិន ស្រាប់តែបានព្រលយពាក្យរិះគន់លើ ប្រមុខដឹកនាំប្រទេសចិន និងរុស្ស៉ី ដោយសារតែការមិនបានចូលរួមសន្និសីទ COP26 ដោយផ្ទាល់។ យ៉ាងណាមិញ នៅថ្ងៃពុធនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពីន (Wang Wenbin) បាននិយាយថា «សកម្មភាពបង្ហាញច្បាស់ជាងពាក្យសម្តី។ អ្វីដែលយើងទាំងអស់គ្នាត្រូវការ ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ គឺសកម្មភាពរឹងមាំជាក់ស្តែង ជាជាងការសន្យាខ្យល់។ សកម្មភាពរបស់ចិន ក្នុងការឆ្លើយតបបញ្ហាប្រែប្រួលអាកាសធាតុ គឺពិតប្រាកដបំផុត»

ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការបរទេស ក៏បាននិយាយចំអកដាក់ទីក្រុងវ៉ាស៉ីនតោនវិញផងដែរថា ការដកខ្លួនរបស់សហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស កាលពីជំនាន់អតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ បានប៉ះពាល់ជាខ្លាំងដល់កិច្ចប្រឹងប្រែង ប្រយុទ្ធប្រឆាំងបញ្ហាប្រែប្រួលអាកាសធាតុ។ លោក ចូ បៃដិន ផ្ទាល់ ក៏បានចេញមុខសុំទោសជុំវិញការសម្រេចចិត្តរបស់លោក ត្រាំ នៅចំពោះមុខមេដឹកនាំ ដែលចូលរួមកិច្ចប្រជុំ COP26 នោះផងដែរ៕