(ហុងកុង)៖ អត្ថបទដែលត្រូវបានចុះផ្សាយដោយ កាសែតល្បីឈ្មោះមួយនៅ ហុងកុង «South China Morning Post» (SCMP) បានបង្ហាឲ្យឃើញអំពីលទ្ធផល នៃការស្ទង់មតិថ្មីដែលត្រូវបានធ្វើឡើងដោយ មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ ភ្យូ (Pew) ថា ប្រព័ន្ធដឹកនាំនយោបាយរបស់សហរដ្ឋអាមេរិក បាននិងកំពុងធ្លាក់ចុះទាំងនៅក្នុងប្រទេស និងក្រៅស្រុក។ នេះបើតាមការដកស្រង់ដោយ ទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅល្ងាចថ្ងៃពុធ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១។

ការស្ទង់មតិពីមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ Pew គឺមានអ្នកចូលរួមជាង ១៦,០០០នាក់មកពីប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនចំនួន ១៦ និងជាង ២,៥០០នាក់ទៀតមកពីសហរដ្ឋអាមេរិក កាលពីកុម្ភៈកន្លងទៅនេះ។ Pew គឺជាមជ្ឈមណ្ឌលស្រាវជ្រាវមិនរកប្រាក់កម្រៃ ដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោន នៃសហរដ្ឋអាមេរិក។

លទ្ធផលបានបង្ហាញថា ៥៧ភាគរយនៃអ្នកឆ្លើយតបនៅទូទាំងពិភពលោក បាននិយាយថា លទ្ធិប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិកដែល «ធ្លាប់ជាគំរូដ៏ល្អមួយ ប៉ុន្តែវាបាននិងកំពុងធ្លាក់ចុះហើយ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ» ខណៈ ៧២ភាគរយទៀតនៃអ្នកឆ្លើយតបនៅទូទាំងសហរដ្ឋអាមេរិក ក៏បានបញ្ចេញទស្សនៈដូចគ្នាផងដែរ។

របាយការណ៍ខាងលើ បាននិយាយថា «មានមនុស្សតិចតួចណាស់ដែលជឿថា លទ្ធិប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក នាពេលបច្ចុប្បន្ននេះ គឺជាគំរូដ៏ល្អសម្រាប់ប្រទេសផ្សេងៗទៀត ហើយពួកគេភាគច្រើនបានបង្ហាញពី «ការព្រួយបារម្ភយ៉ាងខ្លាំង» ចំពោះការរើសអើងជាតិសាសន៍ នៅក្នុងសហរដ្ឋអាមេរិក»

របាយការណ៍ដដែល បានគូសបញ្ជាក់បន្ថែមថា «ចន្លោះពី ៨២ភាគរយទៅ ៩៥ភាគរយនៃអ្នកឆ្លើយតប នៅខាងក្រៅសហរដ្ឋអាមេរិកបានជឿជាក់ថា ការរើសអើងជាតិសាសន៍ គឺជាបញ្ហាធ្ងន់ធ្ងរ ហើយយ៉ាងហោចណាស់ ៤នាក់ក្នុងចំណោម ១០នាក់បានហៅវាថា ជាបញ្ហាធ្ងន់ធ្ងរបំផុត»