(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) បានប្រកាសនៅថ្ងៃពុធនេះថា មន្ត្រីថ្នាក់ក្រោមណាដែលបង្កភាពយឺតយ៉ាវ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 នោះនឹងត្រូវទទួលពិន័យ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នារសៀលថ្ងៃពុធ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១។

ហ្វីលីពីនត្រូវបានគេមើលឃើញថា ស្ថិតក្នុងចំណោមប្រទេសរងគ្រោះធ្ងន់ធ្ងរបំផុត ដោយសារតែជំងឺ COVID-19 នៅទ្វីបអាស៊ី ហើយបច្ចុប្បន្នប្រទេសដីកោះនេះ កំពុងជំរុញល្បឿននៃយុទ្ធនាការចាក់វ៉ាក់សាំង ដើម្បីឈានទៅបើកដំណើរការសេដ្ឋកិច្ចឡើងវិញ ដូចប្រទេសជាច្រើនទៀតបាននិងកំពុងធ្វើ។ ទោះជាយ៉ាង គិតត្រឹមពេលនេះ ប្រជាជនហ្វីលីពីនតែជាង ១ ភាគ ៣ ប៉ុណ្ណោះ នៃប្រជាជនគ្រប់អាយុចាក់វ៉ាក់សាំងសរុប ៧៧លាននាក់ បានទទួលការចាក់គ្រប់ដូស (០២ដូស)។

បើតាមការលើកឡើងរបស់លោក ឌូតឺតេ ការចាក់វ៉ាក់សាំងគួរតែសម្រេចបាន ១លានដូស នៅក្នុងមួយថ្ងៃ, មិនមែនតែជាង ៥០០,០០០ដូស ក្នុងមួយថ្ងៃដូចបច្ចុប្បន្ននេះឡើយ ព្រោះហ្វីលីពីនមានវ៉ាក់សាំងស្តុកទុកគ្រប់គ្រាន់ ដើម្បីបម្រើដល់យុទ្ធនាការទាំងមូល។ ហេតុដូច្នេះទើបលោកបានចេញសេចក្តីព្រមានថា នឹងដាក់ទោសទណ្ឌទៅលើមន្ត្រីថ្នាក់តំបន់ណា ដែលបង្កឲ្យមានភាពយឺតយ៉ាវនេះកើតឡើង។

បន្ថែមពីខាងលើនេះ លោក ឌូតឺតេ ក៏បានបញ្ជាឲ្យមន្ត្រីប៉ូលិស និងយោធា ប្រើប្រាស់យន្តហោះ និងឧទ្ធម្ភាគចក្រ ដើម្បីដឹកវ៉ាក់សាំងទៅកាន់បណ្តាខេត្ត និងដែនកោះឆ្ងាយៗរបស់ហ្វីលីពីនផងដែរ។ គិតត្រឹមថ្ងៃពុធនេះ ហ្វីលីពីនមានករណីឆ្លង COVID-19 សរុប ២.៧៩លានករណី ក្នុងនោះស្លាប់ ៤៣,៥៨៦នាក់ និងជាសះស្បើយវិញ ២.៧១លាននាក់៕