(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីងកាលពីខែកក្កដា ឆ្នាំ២០២១នេះបានប្រកាសជាសាធារណៈថាអ្នកដែលរារាំងការអភិវឌ្ឍទៅមុខរបស់ចិន ប្រៀបបានដូចជា ពួកគេ «យកពងមាន់ទៅជល់នឹងមហាកំពែងដែកថែបដ៏រ៉ឹងមាំមួយ»។ កងទ័ពជើងទឹកនៃកងទ័ពរំដោះប្រជាជនចិន (PLA) បាន និងកំពុងបង្កើនការផលិតនាវាចម្បាំងក្នុងចំនួន ដ៏ច្រើនមិនធ្លាប់មាន ចាប់តាំងពីសម័យសង្រ្គាមលោកលើកទី២មក នៅក្នុងបរិបទដែលក្រុមមន្ត្រីមន្ទីរបញ្ចកោណនៃក្រសួងការពារជាតិអាមេរិកបានព្រមានថាចិនអាចនឹងបំផ្ទុះ សង្រ្គាមនៅក្នុង «តំបន់ច្រកសមុទ្រតៃវ៉ាន់» ឬតំបន់ភូមិសាស្ត្រនយោបាយដ៏ក្ដៅគគុកដទៃទៀតនៅពេលណាមួយក្នុងទសវត្សរនេះ។

ក្រុមអ្នកវិភាគ និងមន្ត្រីក្នុងទីក្រុងវ៉ាស៊ីនតោនក៏បានបង្ហាញក្ដីព្រួយបារម្ភផងដែរពីការធ្លាក់ចុះដុនដាននៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនដោយពួកគេមើលឃើញថា មហាអំណាចទាំង២ កំពុងប្រជែងដណ្ដើមឥទ្ធិពលគ្នា ជាជាងធ្វើកិច្ចសហប្រតិបត្តិការ។ យ៉ាងណាក៏ដោយ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិនធ្លាប់បានអះអាងជាច្រើនលើក មកហើយថាសហរដ្ឋអាមេរិកមិនមានចេតនាបង្កសង្រ្គាមត្រជាក់ថ្មីណាមួយនោះទេ តែការលើកឡើងនេះហាក់ដូចជាមិនឆ្លុះបញ្ចំងពីធាតុពិតនៃទំនាក់ទំនងអាមេរិក-ចិន ទាល់តែសោះ។ តាមពិតទៅ សង្រ្គាមត្រជាក់នាយុគសម័យថ្មីរវាងអាមេរិក និងចិនបាន និងកំពុងចាប់ផ្ដើមរួចទៅហើយ តែសំណួរមួយដ៏សំខាន់ដែលគេត្រូវចោទសួរនៅពេលនេះ នោះគឺថាតើសហរដ្ឋអាមេរិកអាចកំញើញ ឬទប់ស្កាត់កុំឱ្យចិនប្រែក្លាយ «សង្រ្គាមត្រជាក់ ទៅជាសង្រ្គាមក្ដៅ» បានដែរឬក៏យ៉ាងណា?

ចិនមានមហិច្ឆតាចង់ក្លាយជាកំពូលមហាអំណាចនៅក្នុងតំបន់អាស៊ី មុននឹងចាប់យកតំណែងជាកំពូលមហាអំណាចពិភពលោកជំនួសអាមេរិក។ ដើម្បីរារាំងមហិច្ឆតារបស់ចិន សហរដ្ឋអាមេរិក រួមទាំងសម្ព័ន្ធមិត្តរបស់ខ្លួនបានឡោមព័ទ្ធចិនស្ទើរតែគ្រប់ទិស នៅក្រោមយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិករបស់លោក ចូ បៃដិន។ ការឡោមព័ទ្ធបែបនេះបានធ្វើឱ្យគេ នឹកឃើញ «សេណារីយ៉ូ» ពីអតីតកាលដែលអូសចិនឱ្យប្រឡូកក្នុងសង្រ្គាម។ នៅក្នុងប្រវត្តិសាស្ត្រ, ចាប់តាំងពីការបង្កើតសាធារណរដ្ឋប្រមានិតចិន (PRC) កាលពីឆ្នាំ១៩៤៩មក បានបង្ហាញយ៉ាងច្បាស់ថានៅពេលប្រឈមមុខនឹងការគំរាមកំហែងកាន់តែខ្លាំងដល់ «ផលប្រយោជន៍ភូមិសាស្ត្រនយោបាយ» របស់ខ្លួន ទីក្រុងប៉េកាំងមិនអង្គុយរង់ចាំ ការវាយប្រហារពីសត្រូវនោះទេ ដោយពួកគេតែងតែបើកការវាយប្រហារជាមុនមិនឱ្យសត្រូវត្រៀមខ្លួន។

ក្រុមអ្នកវិភាគជាច្រើនបានយល់ស្របដូចគ្នាថាចិនតែងតែប្រើប្រាស់កម្លាំងយោធា មិនមែននៅពេលចិនមានទំនុកចិត្តខ្ពស់លើខ្លួនឯង និងអនាគតឡើយ ប៉ុន្តែគឺនៅពេលដែលចិនយល់ថា «សត្រូវកាន់តែចូលមកកៀក» ឬអាចនឹងត្រូវបានឡោមព័ទ្ធពីសត្រូវ ឬក៏អាចដល់ថ្នាក់បាត់បង់ទឹកដី ហើយមិនថាតែកំពូលមហាអំណាចដូចជាសហរដ្ឋអាមេរិក ក៏ចិនធ្លាប់ ប្រយុទ្ធជាមួយដែរ។ តួយ៉ាងដូចជានៅក្នុងសង្រ្គាមកូរ៉េ (ឆ្នាំ១៩៥០-១៩៥៣), ចិនបានពលីជីវិតកងទ័ពជិត ១លាននាក់ដើម្បីការពារកូរ៉េខាងជើងដែលមិនបានជាប់សាច់ឈាម អ្វីនឹងខ្លួន ហើយសូម្បីតែសាធារណៈមតិទូទៅនាសម័យនោះ ក៏មិនជឿថាចិនហ៊ានធ្វើសង្រ្គាមជាមួយអាមេរិកដែលមានអាវុធនុយក្លេអ៊ែរនៅក្នុងដៃនោះដែរ។ នៅត្រង់ចំណុចនេះ គឺនិយាយដល់ «ប្រយោជន៍ភូមិសាស្ត្រនយោបាយ»។ សម្រាប់អតីតថ្នាក់ដឹកនាំចិន, ដូចជាលោក ម៉ៅ សេទុង កូរ៉េខាងជើងប្រៀបបានដូចជាទ្រនាប់ការពារដ៏សំខាន់មិនអាចខ្វះ បានរបស់ចិន ពោលគឺប្រសិនបើកូរ៉េខាងជើងធ្លាក់ចូលទៅក្រោមការគ្រប់គ្រងរបស់សហរដ្ឋអាមេរិក នោះកងទ័ពអាមេរិកនឹងមានវត្តមាននៅលើទឹកដីកូរ៉េខាងជើងដែលស្ថិតនៅ ក្បែររបងផ្ទះចិន ហើយទៅថ្ងៃក្រោយគឺចិនខ្លួនឯងនឹងត្រូវប្រឈមមុខនឹងការឈ្លានពានពីអាមេរិក។

ទស្សនៈវិស័យបែបនេះនៅតែដិតជាប់នៅក្នុងផ្នត់គំនិតថ្នាក់ដឹកនាំចិនសព្វថ្ងៃរួមទាំងលោក ស៊ី ជិនពីង ដែលចាត់ទុកថាការធ្វើអន្តរាគមន៍យោធាជួយកូរ៉េខាងជើងជារឿងត្រឹមត្រូវ និងជាជ័យជម្នះដែលចិនបានកម្ចាត់ចោលការគំរាមកំហែងពីបរទេសមកលើទឹកដីរបស់ខ្លួន។ នៅឆ្នាំ១៩៦២, កងទ័ពចិនបានបើកការវាយប្រហារលើកងទ័ពឥណ្ឌា ដោយសារតែ កងទ័ពឥណ្ឌាសាងសង់ប៉ុស្តិ៍យាមកាមនៅលើទឹកដីដែលចិនទាមទារថាជាកម្មសិទ្ធិរបស់ខ្លួននៅតាមតំបន់ជួរភ្នំហិមាល័យ ហើយនៅចុងទសវត្សរឆ្នាំ១៩៧០ ចិនបានធ្វើសង្រ្គាម ជាមួយវៀតណាមដែលហ៊ានទទួលឱ្យកងទ័ពសូវៀតឈរជើង និងលុកលុយចូលកម្ពុជាដែលជាសម្ព័ន្ធមិត្តរបស់ចិន ហើយការវាយប្រហារនេះធ្វើឡើងដោយសារអតីតមេដឹកនាំ ចិនដូចជាលោក តេង ស៊ាវពីង នៅពេលនោះមានអារម្មណ៍ថាចិនត្រូវបានឡោមព័ទ្ធដែលនេះអាចនឹងបង្កគ្រោះថ្នាក់ដល់ចិន។

នៅឆ្នាំ១៩៤៥ ដល់ឆ្នាំ១៩៥៥ និងពីឆ្នាំ១៩៩៥ ដល់ឆ្នាំ១៩៩៦, ចិនបានបើកការវាយប្រហារដោយបាញ់កំាភ្លើង ឬមីស៊ីលនៅក្បែរដែនទឹកកោះតៃវ៉ាន់ ក្នុងគោលបំណងកំញើញ កុំឱ្យតៃវ៉ាន់ភ្ជាប់ទំនាក់ទំនងជិតស្និទជាមួយសហរដ្ឋអាមេរិក ឬក៏ប្រកាសឯករាជ្យផ្ដាច់ខ្លួនពីចិន។ មកទល់នឹងបច្ចុប្បន្ន, លំនាំនៃ «ការវាយប្រហារលើសត្រូវជាមុន» ត្រូវបានគេ មើលឃើញថានៅតែមាននៅក្នុងផ្នត់គំនិតថ្នាក់ដឹកនាំចិន បើទោះជាយោធាចិនមិនដែលប្រឡូកចូលក្នុងសង្រ្គាមធំៗ ចាប់តាំងពីឆ្នាំ១៩៧៩មកក៏ដោយ។

ដោយមានប្រជាជន ១.៣ពាន់លាននាក់ និងមានទីផ្សារសេដ្ឋកិច្ចដ៏ធំ, ចិនត្រូវបានគេមើលឃើញថាបានផ្ដោតជាសំខាន់លើអំណាចសេដ្ឋកិច្ច ដើម្បីពង្រីកឥទ្ធិពល និងទទួលបាន សម្បទានពីបណ្ដាប្រទេសដទៃ រួមទាំងប្រទេសជាគូប្រជែង។ អង់គ្លេសបានប្រគល់ទីក្រុងហុងកុងឱ្យចិនកាលពីឆ្នាំ១៩៩៧, ព័រទុយហ្កាល់បានប្រគល់ទីក្រុងម៉ាកៅឱ្យចិននៅ
ឆ្នាំ១៩៩៩ ហើយសហរដ្ឋអាមេរិកសុខចិត្តបើកផ្លូវឱ្យចិនចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក WTO។ មិនតែប៉ុណ្ណោះ តាមរយៈអំណាចសេដ្ឋកិច្ចនេះដែរ បណ្ដាប្រទេស ជាច្រើនបានផ្សះផ្សាបញ្ហាជម្លោះទឹកដីជាមួយចិនពីឆ្នាំ១៩៩១ ដល់ឆ្នាំ២០១៩ រីឯប្រទេសច្រើនជាង ២០ផ្សេងទៀតបានកាត់ផ្ដាច់ទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ដោយងាកមក រកចិនវិញ។ នេះជា «យុទ្ធសាស្ត្រឈ្នះដោយមិនបាច់ម្បាំង» និងស្របទៅតាមទស្សនៈយល់ឃើញរបស់លោក តេង ស៊ាវពីងដែលបានបង្រៀនពាក្យមួយឃ្លាដល់កូនចៅចិន ជំនាន់ក្រោយ នោះគឺ «លាក់បាំងសមត្ថភាពរបស់ខ្លួន និងរង់ចាំឱកាសល្អមកដល់»

ប៉ុន្តែគំនិតមួយនេះរបស់លោក តេង ស៊ាវពីង ហាក់ដូចជាសាបរលាបបន្តិចម្ដងៗ នៅក្រោមសម័យដឹកនាំរបស់លោក ស៊ី ជិនពីងដែលធ្លាប់បានបង្ហើបត្រង់ពីមហិច្ឆតាចង់ឱ្យចិន ក្លាយជាកំពូលមហាអំណាចពិភពលោក។ ម្យ៉ាងវិញទៀត ស្របពេលសេដ្ឋកិច្ចចិនកំពុងជួបបញ្ហា ជាពិសេសគឺការបាត់បង់កម្លាំងពលកម្មនៅក្នុងចំណោមប្រជាជនពេញកម្លាំង ចំពោះមុខកំណើនប្រជាជនវ័យចំណាស់ បានធ្វើឱ្យលោក ស៊ី ជិនពីងបោះជំហានទៅរកការអភិវឌ្ឍវិស័យយោធាឱ្យកាន់តែទំនើបដោយមិនអាចពឹងខ្លាំងពេកតែទៅលើអំណាច សេដ្ឋកិច្ចរបស់ខ្លួនទៀតនោះទេ។ ពីឆ្នាំ២០២០ ដល់ឆ្នាំ២០៣៥ ចិនត្រូវបានគេព្យាករថាអាចនឹងបាត់បង់កម្លាំងពលកម្មនៃមនុស្សពេញកម្លាំង ៧០លាននាក់ ហើយ ប្រជាជនវ័យចំណាស់នឹងកើនឡើង ១៣០លាននាក់។

ក្នុងពេលបច្ចុប្បន្ន, នៅក្រោម «យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក» របស់លោក ចូ បៃដិន ចិនកំពុងស្ថិតនៅក្រោមការឡោមព័ទ្ធស្ទើរតែជុំទិសពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តដោយ ក្នុងនោះជប៉ុនបានបង្កើនកញ្ចប់ថវិកាយោធាទ្វេដង, តៃវ៉ាន់កាន់តែមានទំនាក់ទំនងល្អជាមួយអាមេរិក, វៀតណាម និងឥណ្ឌូណេស៊ីកំពុងពង្រឹងសមត្ថភាពកងទ័ពជើងទឹក និងបង្កើនចំនួននាវាចម្បាំង រីឯអូស្ត្រាលី, បារាំង, អាល្លឺម៉ង់, និងចក្រភពអង់គ្លេសសុទ្ធតែធ្លាប់បានបញ្ជូននាវាចម្បាំងទៅកាន់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ខណៈបក្សសម្ព័ន្ធប្រឆាំងចិន ដូចជា Quad និង AUKUS លេចចេញជារូបរាងជាបន្តបន្ទាប់។ ដូច្នេះថាតើស្ថិតនៅក្រោមស្ថានភាពឡោមព័ទ្ធរបៀបនេះ វាអាចនឹងធ្វើឱ្យចិនមានអារម្មណ៍ថាកំពុងមានគ្រោះថ្នាក់ ឬត្រូវប្រើកម្លាំងយោធាដែរឬទេ? បើតាមក្រុមអ្នកជំនាញ តំបន់ដែលអាចនឹងក្លាយជាសមរភូមិសង្រ្គាមរវាងសហរដ្ឋអាមេរិក និងចិនទៅថ្ងៃអនាគតមានដូចជាសមុទ្រចិនខាងត្បូង, សមុទ្រចិនខាងកើត និងជាពិសេសគឺ «កោះតៃវ៉ាន់» តែម្ដង។

*តៃវ៉ាន់៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ធ្លាប់បានលើកឡើងជារឿយៗថាចិននឹងបង្រួបបង្រួមជាតិជាមួយកោះតៃវ៉ាន់ដោយសន្តិវិធី។ ប៉ុន្តែ មធ្យោបាយមួយនេះប្រហែលជា មិនអាចទៅរួចឡើយ។ ជាក់ស្ដែង ការស្ទង់មតិមួយចេញផ្សាយកាលពីខែសីហា ឆ្នាំ២០២១នេះបានបង្ហាញថាប្រជាជនតៃវ៉ាន់ ៦៨ភាគរយយល់ថាខ្លួនឯងជាជនជាតិតៃវ៉ាន់ មិនមែនជាជនជាតិចិននោះទេ ហើយច្រើនជាង ៩៥ភាគរយចង់ឱ្យតៃវ៉ាន់រក្សាអធិបតេយ្យភាពដូចសព្វថ្ងៃ។ ម្លោះហើយមើទៅ ការបង្រួបបង្រួមកោះតៃវ៉ាន់មានតែធ្វើឡើងតាម កម្លាំងយោធាតែប៉ុណ្ណោះ។ ក្រុមអ្នកវិភាគជាច្រើនជឿជាក់ថាចិនមានសមត្ថភាពយោធាគ្រប់គ្រាន់ ដោយសារតែមីស៊ីលចិនអាចបំផ្លាញប្រព័ន្ធការពារដែនអាកាសតៃវ៉ាន់ និងមូលដ្ឋានទ័ពអាមេរិកនៅលើកោះអូគីណាវ៉ាប្រទេសជប៉ុន ដើម្បីបើកផ្លូវឱ្យការឈ្លានពានទទួលបានជោគជ័យ។ ប៉ុន្តែ តៃវ៉ាន់ និងអាមេរិកក៏បានត្រៀមខ្លួនទុកជាមុនដែរ។

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃទី២២ ខែតុលាកន្លងទៅនេះ បានបញ្ជាក់ត្រង់ៗនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN ថាសហរដ្ឋអាមេរិកនឹងលើកទ័ព ចូលជួយកោះតៃវ៉ាន់ ប្រសិនបើចិនប្រើកម្លាំងយោធាលើដែនកោះមួយនេះ។ រដ្ឋបាលលោក បៃដិនមានផែនការពង្រីកវត្តមានកងទ័ពអាមេរិក នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកឱ្យបាន មុនទសវត្សរឆ្នាំ២០៣០ ស្របពេលតៃវ៉ាន់ក៏កំពុងអភិវឌ្ឍសមត្ថភាពយោធារបស់ខ្លួនដែរ ក្នុងនោះរួមមានមីស៊ីលប្រឆាំងនាវាចម្បាំង និងប្រព័ន្ធខែលការពារមីស៊ីល។ នេះមានន័យ ថាចិននឹងមានឱកាសល្អចាប់ពីពេលនេះតទៅ រហូតដល់ចុងទសវត្សរនេះ ព្រោះថាសមតុល្យយោធានឹងល្អៀងទៅរកចិនជាបណ្ដោះអាសន្ននៅអំឡុងទសវត្សរឆ្នាំ២០២០ ពោលគឺ នៅមុនឆ្នាំ២០៣០ ជាពេលដែលនាវាចម្បាំង, នាវាមុជទឹក និងយន្ដហោះចម្បាំងរបស់សហរដ្ឋអាមេរិកជាច្រើនត្រូវដាក់ឱ្យចូលនិវត្តន៍។ នេះគឺដូចគ្នាទៅនឹងការព្រមានរបស់រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ លោក Chiu Kuo-cheng ដែលថាចិនអាចនឹងមានសមត្ថភាពគ្រប់គ្រាន់បើកប្រតិបត្តិការយោធាទ្រង់ទ្រាយធំវាយយកកោះតៃវ៉ាន់នៅឆ្នាំ២០២៥៕

ប្រភព៖ The Atlantic (ថ្ងៃអង្គារ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២១)