(រ៉ង់ហ្គូន)៖ អតីតអ្នកការទូតនៃសហរដ្ឋអាមេរិក និងជាអ្នកចរចាការដោះលែងចំណាប់ខ្មាំង លោក បៀល រីឆាដ (Bill Richard) ទើបតែបានធ្វើដំំណើរទៅដល់ ប្រទេសមីយ៉ាន់ម៉ា ក្នុងបេសកកម្មមនុស្សធម៌ឯកជនមួយ ស្របពេលប្រទេសអាស៊ានមួយនេះ បានឈានដល់ខែទី៩ហើយ នៅក្រោមរបបយោធា ដែលបានចាប់ខ្លួនអ្នកកាសែតអាមេរិកម្នាក់ផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២១។

ក្នុងដំណើរទស្សនកិច្ចនេះ លោក Richardson នឹងពិភាក្សាអំពើការប្រគល់វ៉ាក់សាំងបង្ការជំងឺ COVID-19 រួមជាមួយបរិក្ខាវេជ្ជសាស្រ្ត និងតម្រូវការផ្នែកសុខភាពសាធារណៈផ្សេងៗទៀត។ យ៉ាងណាមិញ មិនមានការបញ្ជាក់ថា តើអតីតអ្នកការទូតអាមេរិករូបនេះ នឹងលើកឡើងនូវ ករណីអ្នកកាសែតអាមេរិកម្នាក់ឈ្មោះ Danny Fenster ដែលបានជាប់ឃុំខ្លួននៅមីយ៉ាន់ម៉ា តាំងតែពីខែឧសភាកន្លងទៅ ដែរឬក៏អត់ទេ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយមីយ៉ាន់ម៉ា លោក Richardson នឹងជួបជាមួយមេដឹកនាំរបបយោធា និងមន្រ្តីជាន់ខ្ពស់មួយចំនួនទៀត។

គួរបញ្ជាក់ថា លោក Richardson ធ្លាប់បានចរចាការដោះលែងចំណាប់ខ្មាំង និងកងទ័ពអាមេរិក នៅប្រទេសមួយចំនួន រួមមានកូរ៉េខាងជើង គុយបា អ៉ីរ៉ាក់ និងស៊ូដង់ជាដើម។ លើកចុងក្រោយដែលលោក បានធ្វើដំណើរទៅមីយ៉ាន់ម៉ា គឺកាលពីឆ្នាំ២០១៨ នៅក្នុងផ្នែកនៃគណៈកម្មការអន្តរជាតិ មួយ ដែលបង្កើតឡើងដើម្បីផ្តល់ការប្រឹក្សា ជុំវិញបញ្ហាអំពើហិង្សានៅរដ្ឋ Rakhine នៃប្រទេសមីយ៉ាន់ម៉ា៕