(វែលីងតោន)៖ អាជ្ញាធរនូវែលសេឡង់បានរៀបចំផែនការ បិទតំបន់ភាគខាងជើងនៃប្រទេស ជាមួយការដាក់កងកម្លាំងប៉ូលិសល្បាតនៅថ្ងៃអង្គារនេះ ខណៈអាជ្ញាធរកំពុងអនុវត្តវិធានការបិទខ្ទប់ក្នុងតំបន់នោះ ជុំវិញការភ័យខ្លាចជំងឺ COVID-19 រាតត្បាតក្នុងសហគមន៍ ដែលមិនដឹងពីប្រភពច្បាស់លាស់នៅទីនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅល្ងាចថ្ងៃអង្គារ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក គ្រីស ហ៉ីបឃីនស៍ (Chris Hipkins) រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការឆ្លើយតបជំងឺ COVID-19 នៃប្រទេសនូវែលសេឡង់ បានគូសបញ្ជាក់ប្រាប់សន្និសីទសារព័ត៌មានមួយថា ផ្នែកមួយនៃតំបន់ភាគខាងជើង (Northland) ដែលមានចម្ងាយប្រហែល ២៧០គីឡូម៉ែត្រពីទីក្រុងអកលេនដ៍ (Auckland) គឺត្រូវចាប់ផ្តើមអនុវត្តវិធានការបិទខ្ទប់កម្រិតទី ៣ ចាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃអង្គារ ឈានចូលថ្ងៃពុធនេះតទៅ។

វិធានការបិទខ្ទប់កម្រិតទី ៣ នេះ បានកើតឡើងបន្ទាប់ពីករណីឆ្លងជំងឺ COVID-19 ចំនួន ០២ករណីត្រូវបានរកឃើញនៅក្នុងតំបន់នោះ ហើយវាមិនត្រូវបានគេដឹងថា មានប្រភពមកពីណានោះទេ។ លោក Chris Hipkins បានគូសបញ្ជាក់ប្រាប់បន្ថែមថា «វាមិនច្បាស់ទេថា ពួកគេអាចឆ្លងជំងឺនេះបានដោយរបៀបណា។ វាអាចមានការឆ្លងរីករាលដាលនៃជំងឺនេះ នៅក្នុងសហគមន៍រួចហើយ ដោយមិនត្រូវបានរកឃើញនៅក្នុងតំបន់ Northland នាពេលឥឡូវនេះ»

គួរបញ្ជាក់ថា អត្រានៃការចាក់វ៉ាក់សាំងនៅក្នុងតំបន់ Northland គឺមានកម្រិតទាបបំផុត បើធៀបទៅនឹងតំបន់ផ្សេងៗទៀតនៅក្នុងប្រទេសនូវែលសេឡង់ ដោយមានតែប្រហែល ៦៤ភាគរយនៃចំនួនប្រជាជនសរុបនៅតំបន់នោះប៉ុណ្ណោះ ដែលបានទទួលការចាក់វ៉ាក់សាំងពេញលេញ៕