(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៤៧,៦៩២នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៥៣៧នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃអង្គារ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៤៦,៩២៩,០៦៧ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៧៦៧,៣៩៥នាក់ និងជាសះស្បើយឡើងសរុប ៣៦.៨៨លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។

សេតវិមាននៃរដ្ឋធានីវ៉ាស៊ីនតោន បានប្រកាសនៅថ្ងៃចន្ទសប្តាហ៍នេះថា វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Pfizer-BioNTech សរុប ១៥លានដូស កំពុងត្រូវបានរៀបចំដើម្បីបញ្ជូនទៅកាន់បណ្តារដ្ឋនានា ខណៈយុទ្ធនាការចាក់ដល់ក្មេងៗអាយុ ៥ឆ្នាំ ដល់ ១១ឆ្នាំ អាចនឹងត្រូវធ្វើឡើង ចាប់ពីសប្តាហ៍ក្រោយនេះទៅ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួនជាង ៤២២លានដូស ក្នុងនោះប្រជាជន ២២១.៥២លាននាក់ (៦៧.២% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ១៩២.៤៥លាននាក់ (៥៨.៤% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕