(ហ៊ូស្តុន)៖ យ៉ាងហោចណាស់មនុស្ស ០៧នាក់បានស្លាប់ និង ១៧នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការបាញ់ប្រហារដាច់ដោយឡែកពីគ្នាជាច្រើន នៅទូទាំងទីក្រុងហ៊ូស្តុន (Houston) នៃរដ្ឋតិចសាស់ (Texas) សហរដ្ឋអាមេរិក ក្នុងអំឡុងពេលពិធីបុណ្យ Halloween កាលពីចុងសប្តាហ៍កន្លងទៅនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃអង្គារ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២១។

បើតាមរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ABC13 នៅថ្ងៃចន្ទសប្ដាហ៍នេះ (ពេលវេលានៅសហរដ្ឋអាមេរិក) បានឱ្យដឹងថា កាលពីយប់ថ្ងៃសុក្រសប្ដាហ៍កន្លងទៅនេះ ស្រ្តីម្នាក់ត្រូវបានបាញ់សម្លាប់ ហើយយ៉ាងហោចណាស់មនុស្ស ០៥នាក់ផ្សេងទៀតបានរងរបួសនៅក្នុង ការបាញ់ប្រហារដាច់ដោយឡែកពីគ្នានៅទូទាំងទីក្រុង Houston។

របាយការណ៍បានឱ្យដឹងបន្ថែមថា កាលពីព្រឹកថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅនេះ ក្មេងស្រីម្នាក់ត្រូវបានរងការបាញ់ប្រហារនៅក្បែរសាលជប់លៀងមួយកន្លែង ដែលស្ថិតនៅតំបន់ Harris County ហើយបុរសម្នាក់ក៏ត្រូវបានរងការបាញ់ប្រហារ ក្នុងអំឡុងពេលមានការប្លន់នៅតំបន់ Southwest Houston ផងដែរ។

នៅថ្ងៃបន្ទាប់ ស្ត្រីម្នាក់នៅតំបន់ Southwest Houston បានប្រគល់ខ្លួនឱ្យប៉ូលិស បន្ទាប់ពីបានបាញ់សម្លាប់ម្តាយរបស់ខ្លួនឯង ហើយឪពុករបស់ខ្លួន បានរងរបួស។

បន្ទាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃអាទិត្យ បុរសម្នាក់ត្រូវបានបាញ់សម្លាប់ ហើយក្មេងជំទង់ម្នាក់បានរងរបួសនៅខាងក្រៅផ្ទះមួយដែលស្ថិតនៅតំបន់ Southeast Houston។ អ្នកបាញ់ប្រហារ កំពុងស្ថិតនៅក្រៅការឃុំឃាំងនៅឡើយ។

ពេញមួយថ្ងៃអាទិត្យ យ៉ាងហោចណាស់មានការបាញ់ប្រហារដាច់ដោយឡែកចំនួន ០៣ផ្សេងគ្នានៅទូទាំងទីក្រុងដ៏ធំបំផុត នៃរដ្ឋតិចសាស់ សហរដ្ឋអាមេរិក ដែលបណ្តាលឲ្យមនុស្ស ០២នាក់បានស្លាប់ និងយ៉ាងហោចណាស់មនុស្ស ០៦នាក់ផ្សេងទៀតបានរងរបួស រួមទាំងឪពុក និងកូនអាយុ ០១ឆ្នាំរបស់គាត់នៅក្នុងការបាញ់ប្រហារដ៏សាហាវឃោរឃៅមួយនៅតាមដងផ្លូវ៕