(យូអិន)៖ ប្រទេសចិន និងរុស្ស៊ីកំពុងជំរុញក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ (UNSC) ឱ្យបន្ធូរបន្ថយទណ្ឌកម្មលើប្រទេសកូរ៉េខាងជើង ដោយរំលឹកឡើងវិញនូវចេតនាកាលពីឆ្នាំ២០១៩ ដើម្បីដកបម្រាមលើការនាំចេញរូបចម្លាក់ អាហារសមុទ្រ និងវាយនភណ្ឌរបស់កូរ៉េខាងជើង ហើយឈានទៅអនុញ្ញាតការនាំចូលប្រេង ទៅកាន់កូរ៉េខាងជើងបន្ថែមទៀតផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃអង្គារ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២១។

តាមរយៈសេចក្តីព្រាងនៃដំណោះស្រាយ ដែលត្រូវបានរៀបរៀងឡើងវិញខាងលើ ដែលទីភ្នាក់ងារ Reuters ទទួលបាន បានបញ្ជាក់ថា ប្រទេសចិន និងរុស្ស៊ី ចង់ឲ្យសមាជិកទាំង ១៥ នៃក្រុមប្រឹក្សាសន្តិសុខ UN ដកទណ្ឌកម្មទាំងនោះ ដើម្បីជាការបោះជំហានទៅរកការជួយសង្គ្រោះ ជីវភាពរស់នៅនៃប្រជាជនកូរ៉េខាងជើង។ ទណ្ឌកម្មអូសបន្លាយពីអន្តរជាតិ និងគ្រោះធម្មជាតិប៉ុន្មានឆ្នាំជាប់ៗគ្នា បាននិងកំពុងធ្វើឲ្យកូរ៉េខាងជើង ជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ខណៈប្រជាជនរាប់លាននឹងប្រឈមមុខគ្រោះអត់ឃ្លាន។

កូរ៉េ ខាង ជើង បាន រង ទណ្ឌកម្ម របស់ អង្គការ សហ ប្រជាជាតិ តាំង ពី ឆ្នាំ២០០៦ មក ម្ល៉េះ ទៅលើ កម្មវិធី នុយក្លេអ៊ែរ និង មីស៊ីល ផ្លោង របស់ ខ្លួន។ សេចក្តីព្រាងដំណោះស្រាយដោយចិន និងរុស្ស៊ីនេះ ក៏រួមបញ្ចូលនូវវិធានការផ្សេងៗទៀត ដែលស្នើឡើងដំបូងដោយរុស្ស៊ី និងចិនកាលពីឆ្នាំ ២០១៩ រួមទាំងការដកបម្រាមលើជនជាតិកូរ៉េខាងជើង ដែលធ្វើការនៅបរទេស និងការលើកលែងទណ្ឌកម្មលើ គម្រោងសហប្រតិបត្តិការផ្លូវដែកអន្តរកូរ៉េផងដែរ។

គួរបញ្ជាក់ថា សេចក្តីព្រាងខាងលើនេះ គឺត្រូវការការបោះឆ្នោតគាំទ្រភាគច្រើន ពីសំណាក់បណ្តាប្រទេសជាសមាជិកទាំង ១៥ នៃក្រុមប្រឹក្សាសន្តិសុខ UN ហើយក៏មិនត្រូវឲ្យមានសំឡេងជំទាស់ណាមួយពី សហរដ្ឋអាមេរិក ចិន បារាំង អង់គ្លេស និងរុស្ស៊ី ដែលជាសមាជិកអចិន្ត្រៃយ៍ទាំង ៥ (P5) របស់ស្ថាប័នដ៏មានឥទ្ធិពលមួយនេះដែរ៕