(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចែអ៉ីន កាលពីឆ្នាំ២០១៧កន្លងទៅ បានប្រកាសពីមហិច្ឆតារបស់លោកក្នុងការស្វែងរកការផ្សះផ្សាជាតិជាមួយកូរ៉េខាងជើង និងសន្ធិសញ្ញាសន្តិភាពបិទបញ្ចប់សង្គ្រាមកូរ៉េជាផ្លូវការ ក្រោមគំនិតផ្ដួចផ្ដើមសន្តិភាពកូរ៉េ (Korea Peace Initiative) ឬហៅកាត់ថា KPI។ សង្រ្គាមកូរ៉េឆ្នាំ១៩៥០ ដល់ឆ្នាំ១៩៥៣ មិនទាន់ត្រូវបានបញ្ចប់ឡើយនៅលើក្រដាស ដែលនេះមានន័យថាជាលក្ខណៈបច្ចេកទេស មកទល់នឹងសព្វថ្ងៃ កូរ៉េខាងជើង និងចិននៅតែស្ថិតនៅក្នុងស្ថានភាពសង្រ្គាមជាមួយ កងទ័ពអន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។

សង្រ្គាមកូរ៉េត្រូវបានបញ្ចប់នៅក្រោមបទឈប់បាញ់មួយតែប៉ុណ្ណោះ មិនមែនជាសន្ធិសញ្ញាសន្តិភាពនោះទេ។ អាណត្តិជាប្រធានាធិបតីកូរ៉េខាងត្បូងរបស់លោក មូន ចែអ៉ីន នឹងត្រូវ បញ្ចប់នៅខែឧសភា ឆ្នាំ២០២២ខាងមុខនេះ ហើយចាប់ពីពេលនេះតទៅវាជាឱកាសចុងក្រោយបំផុតដើម្បីសម្រេចមហិច្ឆតារបស់លោក។ នៅក្នុងការគិតរបស់លោក មូន ការប្រកាសបញ្ចប់សង្រ្គាមកូរ៉េជាផ្លូវការគឺជាសន្លឹកបៀរចុងក្រោយនៅក្នុងការបង្កើតកម្លាំងចលករមួយ ដោយមិនមែនត្រឹមតែដើម្បីបើកកិច្ចសន្ទនាឡើងវិញរវាងកូរ៉េទាំង២ ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការល្បួងឱ្យទីក្រុងវ៉ាស៊ីនតោនផ្ដល់សំណើជាក់លាក់ និងលើកទឹកចិត្តឱ្យទីក្រុងព្យុងយ៉ាងត្រឡប់មករកតុចរចាស្ដីពីការរំសាយអាវុធនុយក្លេអ៊ែរផងដែរ។

តែទោះជាយ៉ាងណាក៏ដោយ, ក្រុមអ្នកជំនាញភាគច្រើនសឹងតែមិនជឿឡើយថាកូរ៉េខាងត្បូង និងកូរ៉េខាងជើងអាចនឹងសម្រេចបានសន្ធិសញ្ញាសន្តិភាពបញ្ចប់សង្រ្គាមកូរ៉េ នៅចុង បញ្ចប់ ឬនៅក្រោយអាណត្តិរបស់លោក មូន ចែអ៉ីន។ សន្ធិសញ្ញាសន្តិភាព ឬបទឈប់បាញ់គឺសុទ្ធតែជាកិច្ចព្រមព្រៀងនយោបាយមួយដែលពិបាកនឹងសម្រេចបានខ្លាំងណាស់ នៅពេលវាលូកឡំជាមួយប្រយោជន៍ភូមិសាស្ត្រនយោបាយរបស់ពួកមហាអំណាច។ បែបនេះថាតើគេអាចរំពឹងអ្វីខ្លះពីអាណត្តិនៅសេសសល់ ហើយអ្វីទៅជាជំហានបន្ទាប់របស់

លោក មូន? នៅត្រង់នេះវាមានហេតុផលសំខាន់៣ ត្រូវពិចារណា៖

ជាដំបូង លោក មូន ចែអ៉ីនត្រូវបានគេរំពឹងថាមានបំណងប្រកាសពីការបញ្ចប់សង្រ្គាមកូរ៉េនៅមុនខែឧសភា ឆ្នាំ២០២២ ជាពិសេសនាឱកាសនៃការបើកកិច្ចប្រជុំពិគ្រោះយោបល់ សន្តិសុខលើកទី៥៣ រវាងរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Suh Wook និងរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ដែលគ្រោងនឹងរៀបចំឡើងនៅក្នុងទីក្រុង សេអ៊ូល នៅដើមខែធ្នូ ឆ្នាំ២០២១នេះ។ សន្តិភាពរវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើងត្រូវបានក្រុមអ្នកជំនាញមើលឃើញខុសៗគ្នា ដោយខ្លះគិតថាកូរ៉េខាងជើងអាចប្រើប្រាស់វា បំបែកបាក់សម្ព័ន្ធភាពរវាងអាមេរិក និងកូរ៉េខាងត្បូង រីឯខ្លះទៀតយល់ថាវាជាឱកាសមួយសម្រាប់ទីក្រុងវ៉ាស៊ីនតោនបន្ធូរបន្ថយបន្ទុកការពារកូរ៉េខាងត្បូង និងបង្វែរធនធានយកទៅ ចំណាយលើយុទ្ធសាស្ត្រខ្ទប់ឥទ្ធិពលចិន។

ទី២៖ ដើម្បីល្បួងសហរដ្ឋអាមេរិក, លោក មូន ចែអ៉ីន អាចនឹងធ្វើការប្ដេជ្ញាចិត្តបង្កើនការចូលរួមរបស់កូរ៉េខាងត្បូងនៅក្នុងយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិករបស់អាមេរិកតាមការចង់បាន ពីលោក ចូ បៃដិន។ ជាឧទាហរណ៍ជាក់ស្ដែង, កងនាវាកូរ៉េខាងត្បូងកាលពីពេលថ្មីៗនេះបានដឹកនាំការធ្វើសមយុទ្ធយោធាជាមួយសហភាពអឺរ៉ុប និងប្រទេសអូម៉ង់នៅក្នុងតំបន់ មហាសមុទ្រឥណ្ឌា ព្រមទាំងបានអះអាងពីគម្រោងផលិតនាវាផ្ទុកយន្ដហោះចម្បាំងខ្នាតតូច ដែលតាមរយៈសកម្មភាពទាំងនេះលោក មូន ចង់បង្ហាញថាកូរ៉េខាងត្បូងមាន សមត្ថភាពចូលរួមក្នុងប្រតិបត្តិការនានាដឹកនាំដោយសហរដ្ឋអាមេរិក។

ទី៣៖ លោក មូននឹងប្រឹងប្រែងកសាងទំនុកចិត្តថ្មីមួយរវាងយោធានៃប្រទេសកូរ៉េទាំង២ ស្របពេលក្រុមអ្នកជំនាញខ្លះលើកឡើងនូវផែនការបង្កើតតំបន់សន្តិភាពមួយនៅឯតំបន់ ព្រំដែនគ្មានយោធាអន្តរកូរ៉េ, បើកផ្លូវរថភ្លើងឡើងវិញរវាងកូរ៉េទាំង២, សាងសង់ការិយាល័យទំនាក់ទំនងអន្តរកូរ៉េ រួមទាំងបើកសួនឧស្សាហកម្មកេសុងនៅក្នុងប្រទេសកូរ៉េខាងជើង ឡើងវិញ។

ទាំងនេះគ្រាន់តែជាមហិច្ឆតាមួយរបស់លោក មូនតែប៉ុណ្ណោះ ព្រោះអ្វីដែលសំខាន់បំផុត នោះគឺគេចង់ដឹងថាតើកូរ៉េខាងជើង, អាមេរិក និងចិនយល់ឃើញ ឬបកស្រាយបែបណា ចំពោះសន្ធិសញ្ញាសន្តិភាពបញ្ចប់សង្រ្គាមកូរ៉េ? ផែនការសន្តិភាពរបស់លោក មូន ចែអ៉ីនក៏ទទួលរងការរិះគន់ពីក្រុមអ្នករិះគន់ខ្លះផងដែរដោយសារតែតាមរយៈសន្ធិសញ្ញានេះ ពួកគេយល់ថាកូរ៉េខាងជើងអាចនឹងកាន់តែមានទឹកមាត់ប្រៃ និងភាពស្របច្បាប់ក្នុងការស្នើឱ្យសហរដ្ឋអាមេរិកដកកងទ័ពរបស់ខ្លួនចេញពីទឹកដីកូរ៉េខាងត្បូង។ បើតាមលោក មូន សន្ធិសញ្ញាសន្តិភាពប្រកាសសង្រ្គាមមិនមែនចង់សំដៅលើការដកកងទ័ពអាមេរិក ហើយការដកកងទ័ពនេះទៀតសោត វាអាស្រ័យលើការសម្រេចចិត្តទាំងស្រុងរបស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។

សម្រាប់កូរ៉េខាងជើង វត្ដមានកងទ័ពអាមេរិក ២៨,៥០០នាក់ដែលកំពុងឈរជើងនៅលើទឹកដីកូរ៉េខាងត្បូងគឺជាការគំរាមកំហែងមួយដល់របបដឹកនាំលោក គីម ជុងអ៊ុន ហើយ ដើម្បីធានាសុវត្ថិភាព និងភាពគង់វង្សយូរអង្វែងនៃរបបដឹកនាំលោក គីម កូរ៉េខាងជើងមានតែប្រឹងអភិវឌ្ឍសមត្ថភាពយោធា រហូតដល់ធានាបានថាអាចកំញើញកុំឱ្យអាមេរិកហ៊ាន បើកការវាយប្រហារ។ សហរដ្ឋអាមេរិកតែងតែលើកឡើងជារឿយៗថាសន្តិភាពនឹងកើតឡើងភ្លាមៗ ប្រសិនបើកូរ៉េខាងជើងយល់ព្រមរំសាយ ឬបោះបង់ចោលអាវុធនុយក្លេអ៊ែរ។ ប៉ុន្តែការពិតទៅ ទោះជាកូរ៉េខាងជើងយល់ព្រមបោះបង់ចោលអាវុធនុយក្លេអ៊ែរ អាមេរិកឯណាទៅយល់ព្រមដកកងទ័ពរបស់ខ្លួនចេញពីកូរ៉េខាងត្បូងពីព្រោះថាវត្តមានកងទ័ពនេះ មិនមែនសម្រាប់តែការពារកូរ៉េខាងត្បូងប៉ុណ្ណោះទេ ពោលគឺអាមេរិកក៏ទុកសម្រាប់តាមដានសកម្មភាពយោធាចិន និងរុស្ស៊ី ក៏ដូចជារក្សាឥទ្ធិពលយោធារបស់ខ្លួននៅក្នុងតំបន់ដែរ ហើយនេះមិនទាន់រាប់ទាំងវត្តមានកងទ័ពអាមេរិកនៅលើទឹកដីជប៉ុនផង។

ការរំសាយអាវុធនុយក្លេអ៊ែរ និងការដកកងទ័ពអាមេរិកចេញពីកូរ៉េខាងត្បូងសុទ្ធតែជាបញ្ហាដែលគេមើលឃើញថាទាំងអាមេរិក និងកូរ៉េខាងជើងមិនព្រមថយម្នាក់មួយជំហាន នោះទេ ហើយបូករួមទាំងការបង្កើតសម្ព័ន្ធភាពយោធាត្រីភាគី AUKUS ដឹកនាំដោយសហរដ្ឋអាមេរិក និងការប្រជែងឥទ្ធិពលគ្នារឹតតែខ្លាំងរវាងអាមេរិក និងចិននៅក្នុងតំបន់វានឹង កាន់តែធ្វើឱ្យកូរ៉េខាងជើងត្រូវការអាវុធនុយក្លេអ៊ែរជាងមុនទៀតផង ដើម្បីធានាសុវត្ថិភាពរបស់ខ្លួន។ ការធ្វើតេស្ដមីស៊ីលរវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើងនាពេលថ្មីៗនេះអាចឱ្យ គេយកមកធ្វើជាសំអាងបានថាការរត់ប្រណំាងសព្វាវុធលើឧបទ្វីបកូរ៉េចាប់ផ្ដើមដុះជាពន្លកហើយ។ បើបែបហ្នឹងមែន តើសន្ធិសញ្ញាមួយដែលមិនអាចធានាបាននូវការរំសាយ អាវុធនុយក្លេអ៊ែរ ឬការដកកងទ័ពអាមេរិកចេញពីឧបទ្វីបកូរ៉េ អាចនាំមកនូវសន្តិភាពយ៉ាងដូចម្ដេចទៅ?

ម្យ៉ាងវិញទៀត, សូម្បីតែរបបដឹកនាំលោក គីម ជុងអ៊ុន ក៏គេមិនប្រាកដថាមានឆន្ទៈចុះសន្ធិសញ្ញាសន្តិភាពកូរ៉េខាងត្បូងដែរ។ អ្វីដែលលោក គីម ជុងអ៊ុនត្រូវការគឺធ្វើយ៉ាងណាឱ្យ របបដឹកនាំរបស់លោកប ន្តរស់រានមានជីវិត ហើយកូរ៉េខាងជើងនៅតែស្ថិតនៅក្រោមការដឹកនាំរបស់គ្រួសារត្រកូលគីម ជាជាងផ្សះផ្សា ឬក៏បង្រួបបង្រួមជាមួយកូរ៉េខាងត្បូង ដ្បិត សន្ធិសញ្ញាសន្តិភាពអាចនឹងបង្កគ្រោះថ្នាក់ដល់របបដឹកនាំរបស់លោកក៏ថាបាន។ អស់រយៈពេលជាច្រើនឆ្នាំមកនេះ, របបដឹកនាំលោក គីម បានទម្លាក់កំហុសទាំងស្រុងថាទណ្ឌកម្ម សេដ្ឋកិច្ចរបស់អាមេរិកជាដើមហេតុចម្បងនៃវិបត្តិស្ទើរគ្រប់យ៉ាងនៅក្នុងប្រទេសកូរ៉េខាងជើង និងបង្ខំឱ្យខ្លួនត្រូវអភិវឌ្ឍយោធាឱ្យខ្លាំងក្លាប្រឆាំងនឹងការឈ្លានពានណាមួយពី សំណាក់ទីក្រុងវ៉ាស៊ីនតោន។ និយាយឱ្យងាយស្ដាប់ ប្រសិនទីក្រុងព្យុងយ៉ាង និងទីក្រុងវ៉ាស៊ីនតោនមានសន្តិភាពនឹងគ្នាតាមរយៈសន្ធិសញ្ញសន្តិភាពបញ្ចប់សង្រ្គាមកូរ៉េ នោះ
លោក គីមមុខជាត្រូវរកហេតុផលផ្សេងមកទទួលខុសត្រូវចំពោះ វិបត្តិទាំងឡាយដែលរដ្ឋាភិបាលរបស់លោកមិនអាចដោះស្រាយបាន។

ដូច្នេះសំណួរថាតើសន្ធិសញ្ញាសន្តិភាពបញ្ចប់សង្រ្គាមកូរ៉េ ឬក៏ថាតើកូរ៉េទាំង២ អាចផ្សះផ្សារគ្នាបានទេ? វាប្រហែលជាមិនមានចម្លើយជាក់លាក់ទេ ហើយនៅតែមានសំណួរច្រើន ជាងចម្លើយដដែល នៅរាប់សិបឆ្នាំទៅមុខទៀត។ ប្អូនស្រីរបស់លោក គីម ជុងអ៊ុន គឺអ្នកនាង គីម យូ ចុងធ្លាប់បាននិយាយកាលពីចុងខែកញ្ញាកន្លងទៅថាទីក្រុងព្យុងយ៉ាងនឹង ពិចារណាចូលរួមក្នុងកិច្ចប្រជុំកំពូលអន្តរកូរ៉េជាថ្មី ហើយនឹងប្រកាសបញ្ចប់សង្រ្គាមកូរ៉េ ប្រសិនបើទីក្រុងសេអ៊ូលឈប់ដើរតាមនយោបាយអរិភាពដូចសហរដ្ឋអាមេរិក។ យ៉ាងណា ក៏ដោយ សាររបស់អ្នកនាងត្រូវបានគេមើលឃើញថាមានចេតនាចង់បានសម្បទានពីលោក មូន ជាជាងចង់បានកិច្ចព្រមព្រៀងសន្តិភាពក្នុងពេលអនាគតដ៏ខ្លី៕

ប្រភព៖ Diplomat (ថ្ងៃចន្ទ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២១)