(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃចន្ទនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន៥,៥៩៨ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃទី០១ ខែវិច្ឆកា ឆ្នាំ២០២១។

ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មានតែ០៣ករណីប៉ុណ្ណោះ ជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញ ដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រងករណីឆ្លងថ្មីតែឯងរហូតដល់៩២៧នាក់។

ក្នុងរបាយការណ៍ថ្ងៃចន្ទនេះដែរ ក្រសួងសុខាភិបាលវៀតណាម ក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មី ដោយសារជំងឺកូវីដ១៩ ចំនួន៥២នាក់បន្ថែមទៀត។

សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី០១ ខែវិច្ឆកា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ៩២៦,៧២០នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៨២២,០៦៥នាក់ ចំណែកអ្នកស្លាប់សរុបចំនួន ២២,១៣៥នាក់៕