(កាប៊ុល)៖ កងកម្លាំងបេសកកម្មសម្ងាត់ នៃអាជ្ញាធរតាលីបង់ហៅកាត់ថា GDI បានចេញប្រតិបត្តិការចាប់ខ្លួន ក្រុមចោរប្រដាប់អាវុធធំៗចំនួន ២ នៅក្នុងរដ្ឋធានីកាប៊ុលប្រកបដោយជោគជ័យ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាល្ងាចថ្ងៃចន្ទ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២១។

បើតាម GDI ក្រុមចោរធំៗទាំងពីរខាងលើនេះ ត្រូវបានចាប់ខ្លួនពីតំបន់ចំនួន ២ នៅក្នុងរដ្ឋធានីកាប៊ុល នៅក្នុងថ្ងៃចន្ទនេះតែម្តង ហើយក្រុម ទាំងនេះ មាន ជាប់ពាក់ព័ន្ធ នឹង ករណី ប្លន់ ប្រដាប់ អាវុធ និង ការ ប្រើ កម្លាំង បាយដើម្បី ប្លន់ យក រថយន្ត និង វត្ថុ មាន តម្លៃ ពី ផ្ទះ ប្រជាជនក្នុង មូលដ្ឋាន។ អាវុធ និងយានជំនិះមួយចំនួន ក៏ត្រូវបានរឹបអូសផងដែរ។

គួរបញ្ជាក់ថា គិតមកទល់ពេលនេះ ក្រុមតាលីបង់បានគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថាន អស់រយៈពេល ២ខែកន្លះហើយ បន្ទាប់ពីការចូលកាន់កាប់ទីក្រុងកាប៊ុល កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១។ បញ្ហាចម្បងៗដែលរដ្ឋាភិបាលបណ្តោះអាសន្នតាលីបង់ បាននិងកំពុងប្រឹងប្រែងដោះស្រាយ នោះគឺការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម, រក្សាសន្តិសុខក្នុងទីក្រុង និងបណ្តាខេត្ត, កៀរគរជំនួយពីបរទេស និងជាពិសេស គឺការស្វែងរកការទទួលស្គាល់ពីអន្តរជាតិ៕