(សេអ៊ូល)៖ នៅថ្ងៃចន្ទនេះ គោលការណ៍ថ្មីៗដែលមានគោលដៅតម្រង់ទិស ប្រជាជនកូរ៉េខាងត្បូងឆ្ពោះទៅកាន់ការរៀនរស់នៅ ជាមួយជំងឺ COVID-19 ត្រូវចាប់អនុវត្តហើយ ជាមួយការបន្ធូរបន្ថយវិធានការរឹតត្បិតជាច្រើន ហើយនិងការប្រើប្រាស់នូវលិខិតបញ្ជាក់វ៉ាក់សាំង នៅតាមកន្លែងមានហានិភ័យខ្ពស់ដូចជា កន្លែងហាត់ប្រាណ និងបារជាដើម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២១។

ការផ្លាស់ប្តូរនេះកើតមានឡើង ស្របពេលដែលប្រជាជនកូរ៉េខាងត្បូងជាង ៧៥ភាគរយហើយ ទទួលបានការចាក់វ៉ាក់សាំងបង្ការ COVID-19 ពេញលេញ។ រដ្ឋមន្រ្តីសុខាភិបាលកូរ៉េខាងត្បូង លោក Kwon Deok-cheol បានថ្លែងថា វាគឺជាការបោះជំហានដំបូង នៅលើគន្លងផ្លូវឆ្ពោះទៅរក ការរស់នៅដូចធម្មតាឡើងវិញ។

យ៉ាងណាមិញ លោកនៅតែទទូចឲ្យប្រជាជនបន្តពាក់ម៉ាស ហើយត្រូវទៅធ្វើតេស្តជាបន្ទាន់ ប្រសិនបើពួកគេមានរោគសញ្ញាសង្ស័យ ព្រោះក្តីបារម្ភនៅតែមានអំពី លទ្ធភាពនៃការផ្ទុះឡើងខ្លាំងជាថ្មីនូវករណីឆ្លង ដោយសារតែកត្តាហានិភ័យផ្សេងៗ ដូចជាអ្នកមិនទាន់បានចាក់វ៉ាក់សាំង, ការចុះទន់ខ្សោយទៅតាមពេលវេលា នៃប្រព័ន្ធភាពស៉ាំរបស់អ្នកចាក់វ៉ាក់សាំង ក៏ដូចជាការប្រមូលផ្តុំជួបជុំគ្នា កំលុងឱកាសពិសេសផ្សេងៗ ជាពិសេសពេលឆ្លងឆ្នាំសកលខាងមុខនេះតែម្តង។

គួរបញ្ជាក់ថា នៅក្រោមគោលការណ៍ថ្មីខាងលើ ការដាក់កំហិតម៉ោងប្រតិបត្តិការ នៅតាមភោជនីយដ្ឋាន និងហាងកាហ្វេ ត្រូវបានដកចេញវិញ ក្នុងចំណោមការបន្ធូរបន្ថយផ្សេងៗទៀត។ ក៏ប៉ុន្តែការចូលទៅកាន់កន្លែងដូចជាបារ ក្លឹបរាត្រី ក្លឹបហាត់ប្រាណ ការ៉ាអូខេ និងសោណា ជាដើម គឺតម្រូវឲ្យមានភស្តុតាងបញ្ជាក់ពីការចាក់វ៉ាក់សាំង ឬក៏លទ្ធផលធ្វើតេស្តអវិជ្ជមានក្នុងរយៈពេល៤៨ម៉ោងចុងក្រោយ។ មកទល់ពេលនេះ កូរ៉េខាងត្បូង មានករណីឆ្លង COVID-19 សរុប ៣៦៦,៣៨៦នាក់ និងស្លាប់ ២,៨៥៨នាក់៕