(តែលអាវីវ)៖ ប្រទេសអ៊ីស្រាអែលនៅថ្ងៃចន្ទ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចាប់ផ្តើមបើកចំហទ្វារ ស្វាគមន៍ភ្ញៀវទេសចរបរទេសវិញហើយ ចាប់តាំងពីការចាប់ផ្តើមនៃការរាតត្បាតជំងឺ COVID-19 ដែលបានធ្វើឲ្យគ្រប់យ៉ាងត្រូវរាំងស្ទះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

រដ្ឋាភិបាលអ៊ីស្រាអែលសង្ឃឹមថា ការបើកច្រកទ្វាររបស់ប្រទេសនេះ សម្រាប់អ្នកដំណើរទោល (solo) នឹងជួយផ្តល់ដង្ហើមជីវិតថ្មីចូលទៅក្នុងឧស្សាហកម្មទេសចរណ៍ ដែលកំពុងជួបការលំបាក។ នៅមុនពេលជំងឺ COVID-19 រាតត្បាត កំលុងរដូវបុណ្យណូអែល គេតែងតែបានឃើញមនុស្សរាប់សែននាក់ ទៅលេងកម្សាន្តនៅទីក្រុងបេស្លេហិម (Bethlehem) ដែលត្រូវបានគេជឿថា ជាស្រុកកំណើតរបស់ព្រះយេស៊ូ នៅតំបន់ វែសត៍ ប៊ែង (West Bank) ដែលកាន់កាប់ដោយអ៊ីស្រាអែល។

គួរបញ្ជាក់ថា អ៊ីស្រាអែល បានគ្រោងបើក ទ្វារឡើងវិញ សម្រាប់ ភ្ញៀវ ទេសចរបរទេស តាំងតែពីនិទាឃរដូវលើកមុនមកម្ល៉េះ ប៉ុន្តែត្រូវ បាន ពន្យារ ពេល វិញ ដោយសារតែការរីករាតត្បាត មេរោគបំប្លែងខ្លួន Delta មានសន្ទុះកើនឡើងខ្លាំង។ ចាប់តាំងពីពេលនោះមក អ៊ីស្រាអែលបានចាប់ផ្តើមយុទ្ធនាការមួយ ដែលជំរុញឲ្យប្រជាជនជិតពាក់កណ្តាល ទទួលការចាក់វ៉ាក់សាំងដូសជំរុញ (ដូសទី៣) ទើបអាចឱ្យករណីឆ្លងថយចុះវិញ។

សម្រាប់អ្នកធ្វើដំណើរបរទេស ដែលចង់ចូលទៅកាន់ប្រទេសអ៊ីស្រាអែល ត្រូវតែបង្ហាញភ័ស្តុតាងនៃការចាក់វ៉ាក់សាំងបង្ការ COVID-19 ពេញលេញ ក្នុងនោះក៏រួមមានការចាក់ដូសជំរុញ ឬក៏ការជាសះស្បើយពីជំងឺនេះវិញ ក្នុងរយៈពេលប្រាំមួយខែចុងក្រោយនេះ។ អាជ្ញាធរអ៊ីស្រាអែលបានទទួលស្គាល់ វ៉ាក់សាំងបង្ការ COVID-19 ភាគច្រើនរួចមកហើយ ប៉ុន្តែសម្រាប់វ៉ាក់សាំងរុស្ស៊ី Sputnik គឺកំពុងស្ថិតក្នុងការត្រួតពិនិត្យនៅឡើយ។ បន្ថែមពីនេះ អ្នកធ្វើដំណើរក៏ត្រូវតែបង្ហាញការធ្វើតេស្ត «អវិជ្ជមាន» ផងដែរ មុនពេលឡើងយន្តហោះរបស់ពួកគេ និងនៅពេលមកដល់៕