(តូក្យូ)៖ នាយករដ្ឋមន្រ្តីជប៉ុន លោក ហ៊្វូមីអុ គីស៉ីដា (Fumio Kishida) នៅថ្ងៃចន្ទនេះបានប្រកាសជ័យជម្នះជាផ្លូវការ ក្រោយដឹកនាំគណបក្ស លោក ទៅទទួលជ័យជម្នះយ៉ាងរឹងមាំ ក្នុងការបោះឆ្នោតសកល កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាកងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២១។

គណបក្សកាន់អំណាចជប៉ុនគឺ គណបក្សប្រជាធិបតេយ្យសេរី (LDP) ហើយនិងដៃគូរបស់ខ្លួនគឺគណបក្សកូម៉ីតុ (Komeito) ឈ្នះបានអាសនៈចំនួន២៩៣ ក្នុងចំណោមអាសនៈសរុបចំនួន៤៦៥ នៅក្នុងរដ្ឋសភាជប៉ុន។ កន្លងមក ដៃគូទាំងពីរកាន់កាប់អាសនៈចំនួន៣០៥ ក្នុងនោះ LDP គ្រប់គ្រងតែឯងចំនួន២៧៦អាសនៈ។ យ៉ាងណាក្តី អាសនៈដែលឈ្នះរួមគ្នានាពេលនេះ នៅតែជាចំនួនដ៏ច្រើនមួយ។

ក្រោយការទទួលជ័យជម្នះ លោក គីស៉ីដា បានប្តេជ្ញាថា នឹងពង្រឹងសេដ្ឋកិច្ចប្រទេសជប៉ុន តាមរយៈកញ្ចប់ថវិការថ្មី ដែលលោកអះអាងថា នឹងត្រូវព្រាងឡើងក្នុងខែវិច្ឆិកានេះតែម្តង។ លោកនាយករដ្ឋមន្រ្តីជប៉ុនបានបន្ថែមទៀតថា ជប៉ុននឹងដើរតួនាទីនាំមុខ ក្នុងកិច្ចប្រឹងប្រែងឆ្ពោះទៅរក ការបញ្ចេញកាបូនកម្រិតសូន្យ ក្នុងតំបន់អាស៉ី។

គួរបញ្ជាក់ថា លោក គីស៉ីដា បានឡើងកាន់អំណាចកាលពី១ខែមុន ក្រោយលោក យ៉ូស៉ីហ៉ីដេ ស៊ូហ្កា (Yoshihide Suga) សម្រេចលាលែងពីតំណែងក្រោយកាន់បាន១ឆ្នាំ ដែលហេតុផលមួយផ្នែកគឺ ដោយសារប្រជាជនមិនពេញចិត្តចំពោះ ការគ្រប់គ្រងវិបត្តិ COVID-19 របស់លោក នៅក្នុងប្រទេសជប៉ុន៕