(ប៉េកាំង)៖ សួនកម្សាន្ត Disneyland នៅទីក្រុងសៀងហៃនៃប្រទេសចិន ត្រូវបានបិទទ្វារនាថ្ងៃចន្ទនេះ ដោយសារករណីឆ្លង COVID-19 ចំនួន ត្រឹម១ករណី ស្របពេលដែលអាជ្ញាធរចិន កំពុងប្រឹងប្រែងគ្រប់គ្រងរលកឆ្លងរាតត្បាតថ្មីនៃជំងឺនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២១។

ការបិទនេះកើតមានឡើង បន្ទាប់ពីស្រ្តីម្នាក់ដែលបានទៅលេងកម្សាន្តនៅទីនោះ ធ្វើតេស្តវិជ្ជមានចំពោះ COVID-19 ក្រោយត្រឡប់ទៅផ្ទះវិញ នៅខេត្តក្បែរខាង។ សួនកម្សាន្ត Disneyland នៅសៀងហៃ អាចនឹងបន្តបិទរហូតដល់យ៉ាងហោចថ្ងៃអង្គារសប្តាហ៍នេះ ខណៈកាលបរិច្ឆេទដើម្បីបើកឡើងវិញ នៅមិនទាន់កំណត់ច្បាស់នោះទេ។

មកទល់ព្រឹកថ្ងៃចន្ទនេះ បុគ្គលជាប់ពាក់ព័ន្ធក្នុងករណីខាងលើ ចំនួនជិត៣៤,០០០នាក់ ត្រូវបានធ្វើតេស្តរក COVID-19 ខណៈលទ្ធផលសុទ្ធតែ អវិជ្ជមានទាំងអស់។ ប៉ុន្តែពួកគេត្រូវបានណែនាំកុំឲ្យទាន់ចេញទៅធ្វើការ និងសាលារៀន សម្រាប់រយៈពេលយ៉ាងតិច២ថ្ងៃ ហើយនឹងត្រូវឆ្លងកាត់ការធ្វើតេស្តបន្ថែមទៀត។

គួរបញ្ជាក់ថា ក្នុងថ្ងៃដដែល អាជ្ញាធរសុខាភិបាលចិន ក៏បានប្រកាសរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន៩២នាក់ទៀតផងដែរ ដែលជាចំនួនច្រើនបំផុត គិតចាប់តាំងពីពាក់កណ្តាលខែកញ្ញា កន្លងទៅ។ រលកឆ្លងរាលដាលចុងក្រោយនេះនៃ COVID-19 បានបង្ខំឲ្យមនុស្សប្រហែល៦លាននាក់ហើយ នៅក្នុងប្រទេសចិន ត្រូវស្ថិតក្រោមវិធានការបិទខ្ទប់ ដោយភាគច្រើននៅតំបន់ភាគខាងជើងប្រទេស៕