(ប៉េកាំង)៖ “ប្រឈមនឹងបម្រែបម្រួលដ៏ខ្លាំង ដែលមិនធ្លាប់មានក្នុងរយៈពេល ១០០ឆ្នាំ និងការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងនាមជាវេទិកាសំខាន់ សម្រាប់ធ្វើកិច្ចសហប្រតិបតិ្តការខាងសេដ្ឋកិច្ចអន្តរជាតិ ប្រទេស G20 គួរតែរ៉ាប់រងទំនួលខុសត្រូវរបស់ខ្លួន”។ ថ្ងៃទី៣០ ខែតុលា នៅក្រុងប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិន បានអញ្ជើញចូលរួមកិច្ចប្រជុំដំណាក់កាលទីមួយ នៃសន្និសីទកំពូលថ្នាក់ដឹកនាំនៃប្រទេស G20 លើកទី ១៦ តាមប្រព័ន្ធវីដេអូ ព្រមទាំងបានថ្លែងសុន្ទរកថាគន្លឹះ។ ប្រឈមនឹងភាពលំបាក និងបញ្ហាប្រឈមរបស់មនុស្សជាតិនាពេលបច្ចុប្បន្ននេះ លោក Xi Jinping បានលើកឡើងសំណើ ៥ចំណុច ដែលបានបង្ហាញទិសដៅចំពោះប្រទេស G20 ក្នុងការបង្ហាញពីភាពទទួលខុសត្រូវរបស់ខ្លួន ក៏ដូចជាបានបង្ហាញឱ្យឃើញនូវទំនួលខុសត្រូវរបស់ប្រទេសចិន ដែលជាប្រទេសធំនៅលើពិភពលោកផងដែរ។

សាមគ្គីគ្នាធ្វើកិច្ចសហប្រតិបតិ្តការ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងជាសកល បង្កើនកិច្ចសម្របសម្រួល ជំរុញការងើបឡើងវិញ ផ្តល់ផលប្រយោជន៍ជាទូទៅនិងមានភាពបរិយាប័ន្ន ដើម្បីទទួលបានការអភិវឌ្ឍជាមួយគ្នា។ ជំរុញការច្នៃប្រឌិតថ្មី និងស្វែងរកកម្លាំងចលករ រួមរស់នៅជាមួយគ្នាប្រកបដោយភាពចុះសម្រុងគ្នា ភាពបៃតង និងនិរន្តរភាព។ សំណើ ៥ចំណុចដែលលោក Xi Jinping បានលើកឡើងក្នុងកិច្ចប្រជុំដំណាក់កាលទីមួយ នៃសន្និសីទកំពូលថ្នាក់ដឹកនាំនៃប្រទេស G20 ក្រុងរ៉ូម សមស្របនឹងការយកចិត្តទុកដាក់លើផ្ទៃអន្តរជាតិ ដែលបានគ្រោងផែនការសម្រាប់មនុស្សជាតិ ទប់ទល់នឹងការប្រឈម និងទទួលការអភិវឌ្ឍន៍រួម។

ប្រឈមនឹងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលជាបញ្ហាបន្ទាន់បំផុតនេពេលបច្ចុប្បន្ន លោក Xi Jinping បានគូសបញ្ជាក់ម្តងទៀតនូវគោលជំហរជានិច្ចរបស់ប្រទេសចិន ព្រមទាំងបានលើកឡើងនូវ “គំនិតផ្តួចផ្តើមស្តីពីកិច្ចសហប្រតិបតិ្តការផ្នែកវ៉ាក់សាំងជាសកល” ដែលទទួលបានការយកចិត្តទុកដាក់យ៉ាងទូលំទូលាយ ពីសំណាក់សហគមន៍អន្តរជាតិ។

ក្នុងកិច្ចប្រជុំកំពូលលើកនេះ លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងសំណើ ៣ចំណុច អំពីបញ្ហាពិភាក្សាស្តីពីការជំរុញការអភិវឌ្ឍរួម ការជំរុញការអភិវឌ្ឍតាមរយៈការច្នៃប្រឌិតថ្មី និងការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុជាដើម ព្រមទាំងបានបំពេញបន្ថែមនូវខ្លឹមសារនៃ “គំនិតផ្តួចផ្តើមស្តីពីការអភិវឌ្ឍជាសកល” ដែលមានអំណោយផលដល់ការជំរុញ ការអភិវឌ្ឍរួមរបស់ពិភពលោកទាំងមូល ។

កិច្ចប្រជុំកំពូលក្រុងរ៉ូម បានធ្វើឡើងក្រោមប្រធានបទ “មនុស្សជាតិ ភពផែនដី និងវិបុលភាព” ដែលបានបង្ហាញឱ្យឃើញនូវបេសកកម្មរបស់ប្រទេស G20 ក្នុងការដឹកនឹងណែនាំនវានុវត្តន៍ និងអភិបាលកិច្ចខាងសេដ្ឋកិច្ចជាសកល។ ក្នុងនាមជារដ្ឋសមាជិកដ៏សំខាន់នៃអង្គការនេះ និងជាអង្គភាពសេដ្ឋកិច្ចធំទីពីរនៅលើពិភពលោក ប្រទេសចិននឹងបន្តពង្រីកការបើកទូលាយឥតឈប់ឈរ ក្នុងន័យផ្តល់កាលានុវត្តភាពថ្មីកាន់តែច្រើនដល់បណ្តាប្រទេសនានា តាមរយៈការអភិវឌ្ឍរបស់ខ្លួន ដើម្បីបំពេញបន្ថែមកម្លាំងចលករថ្មី កាន់តែច្រើនដល់សេដ្ឋកិច្ចពិភពលោក ក៏ដូចជាជំរុញប្រទេស G20 ឱ្យរ៉ាប់រងទំនួលខុសត្រូវរបស់ខ្លួនផងដែរ៕