(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១៩,៩៧៥នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១៦២នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃចន្ទ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៤៦,៨២៣,៩៣៨ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៧៦៦,២៩៩នាក់ និងជាសះស្បើយឡើងសរុប ៣៦.៧១លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។

កាលពីថ្ងៃសុក្រសប្តាហ៍មុននេះ សហរដ្ឋអាមេរិកបានអនុម័តឲ្យប្រើប្រាស់ វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Pfizer-BioNTech ទៅលើក្មេងៗអាយុចាប់ពី ៥ឆ្នាំ ដល់ ១១ឆ្នាំ ប៉ុន្តែពួកគេម្នាក់ៗត្រូវទទួលការចាក់ ដោយមានកម្រិតតិចជាងមនុស្សធំ។ ក្មេងៗអាយុចាប់ពី ៥ឆ្នាំ ដល់ ១១ឆ្នាំ គឺត្រូវចាក់វ៉ាក់សាំងចំនួន «១០ក្រាម» ក្នុង១ដូស ដែលតិចជាកម្រិតនៃការចាក់ឲ្យមនុស្សអាយុ ១២ឆ្នាំឡើងទៅ ដែលមានកម្រិត «៣០ក្រាម»

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួនជាង ៤២១លានដូស ក្នុងនោះប្រជាជន ២២១.២២លាននាក់ (៦៧.១% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ១៩២.២៤លាននាក់ (៥៨.៣% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕