(ប៉េកាំង)៖ យប់ថ្ងៃទី៣១ ខែតុលា នៅទីក្រុងប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិនបន្តចូលរួមការប្រជុំលើកទី១៦នៃកិច្ចប្រជុំកំពូលប្រទេស G20 តាមប្រព័ន្ធវីដេអូ។

លោក Xi Jinping បានលើកឡើងថាបម្រែបម្រួលអាកាសធាតុ និងបញ្ហាថាមពលពាក់ព័ន្ធនឹងផលប្រយោជន៍រួមនៃសហគមន៍អន្តរជាតិ និងអនាគតនៃភពផែនដី សំខាន់ត្រូវអនុវត្តសកម្មភាពជាក់ស្តែង។

ប៉ុន្មានឆ្នាំចុងក្រោយនេះ ធាតុអាកាសអាក្រក់បំផុតកើតឡើងជាញឹកញាប់ ចំណែកទីផ្សារថាមពលអន្តរជាតិក៏មានការកក្រើកនាពេលកន្លងទៅនេះដែរ ដែលបានរំលឹក យើងថាចាំបាច់ត្រូវសម្របសម្រួលទាំងការការពារបរិស្ថាន និងការអភិវឌ្ឍសេដ្ឋកិច្ច ស្របពេលទប់ទល់នឹងបម្រែបម្រួលអាកាសធាតុនិងការធានាដល់ជីវភាពរស់នៅ របស់ប្រជាជន។ ដូចនេះហើយ តួអង្គសេដ្ឋកិច្ចសំខាន់ៗគួរបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យទាំងនេះ។

លោក Xi Jinping បានបន្តទៀតថាដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាព និងដោយគ្រប់ជ្រុងជ្រោយនូវ «អនុសញ្ញាក្របខ័ណ្ឌស្តីពីបម្រែបម្រួលអាកាសធាតុ នៃអង្គការសហប្រជាជាតិ» និង «កិច្ចព្រមព្រៀងទីក្រុងប៉ារីស» គួរប្រកាន់ខ្ជាប់នូវឋានៈដឹកនាំនៃអង្គការសហប្រជាជាតិចាត់ទុកគោលការណ៍ទំនួលខុសត្រូវដែលចូលរួម តាមសមត្ថភាពរៀងៗខ្លួន និងច្បាប់អន្តរជាតិជាមូលដ្ឋានគ្រឹះ ចាត់ទុកសកម្មភាពប្រកបដោយប្រសិទ្ធភាពជាទិសដៅណែនាំដើម្បីពង្រឹងការអនុវត្តសកម្មភាពរបស់ខ្លួន និងលើកកម្ពស់កម្រិតធ្វើកិច្ចសហប្រតិបត្តិការ។

ការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ និងការផ្លាស់ប្តូររបៀបប្រើប្រាស់ថាមពល ទីចុងបំផុតគឺពឹងលើការរីកចម្រើននៃបច្ចេកវិទ្យា។ សមាជិកប្រទេស G20 គួរធ្វើមុនគេក្នុងការផ្សព្វផ្សាយឱ្យបច្ចេកវិទ្យាឈានមុខត្រូវបានប្រើប្រាសជាទូទៅ។ ប្រទេសអភិវឌ្ឍន៍ក៏គួរបំពេញជាក់លាក់នូវពាក្យសន្យារបស់ខ្លួនដើម្បីផ្តល់ជំនួយ ឧបត្ថមជាទឹកប្រាក់ជូនប្រទេសកំពុងអភិវឌ្ឍន៍៕