(សិង្ហបុរី)៖ ប្រទេសសិង្ហបុរីបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ ថ្មីៗចំនួន៣,១៦៣ករណីបន្ថែមទៀត គិតត្រឹមថ្ងៃត្រង់ថ្ងៃអាទិត្យ ទី៣១ ខែតុលា ឆ្នាំ២០២១។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។

សម្រាប់រយៈពេលដូចគ្នានេះ ប្រទេសអាស៊ានមួយនេះក៏បានរកឃើញអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួន១៣នាក់បន្ថែមទៀតផងដែរ ដែលនាំចំនួនអ្នកស្លាប់សរុបនៅទូទាំប្រទេសកើនដល់ ៤០៧នាក់ ចំណែកករណីឆ្លងកូវីដ១៩នៅទូទាំងប្រទេស សរុបចំនួន១៩៨,៣៧៤ករណី ចាប់តាំងពីមានរាតត្បាតជំងឺនេះមក។

ករណីឆ្លងថ្មីប្រចាំថ្ងៃនៅថ្ងៃនេះ គឺមានការកើនឡើងបន្តិចមកវិញ បើធៀបនឹងតួលេខដែលបានរាយការណ៍ កាលពីថ្ងៃសៅរ៍ម្សិលមិញដែលមានចំនួនឆ្លងថ្មីចំនួន ៣,១១២ករណី។

សូមជំរាបថា ស្ថានការណ៍កូវីដ១៩ នៅក្នុងប្រទេសសិង្ហបុរីនៅសប្តាហ៍ចុងក្រោយនេះហាក់កំពុងប្រឈមនឹងរលកឆ្លងថ្មី ដែលមានសភាពធ្ងន់ធ្ងរជាងពេលមុនៗ៕