(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានឈានដល់កិច្ចព្រមព្រៀងជាមួយសហភាពអឺរ៉ុប ដើម្បីដោះស្រាយបញ្ចប់ជម្លោះដំឡើងពន្ធលើការនាំចូលដែកថែប និងអាលុយមីញ៉ូមពីប្លុកមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃអាទិត្យ ទី៣១ ខែតុលា ឆ្នាំ២០២១។

ថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ រដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក លោកស្រី Gina Raimondo បានបញ្ជាក់ដូច្នេះថា «យើងសម្រេចបានកិច្ចព្រមព្រៀងមួយជាមួយសហភាពអឺរ៉ុប ដោយវានឹងអនុញ្ញាតនូវការកំណត់ទំហំនៃដែកថែប និងអាលុយមីញ៉ូមរបស់សហភាពអឺរ៉ុបដែលត្រូវចូលទីផ្សារអាមេរិកដោយ មិនគិតពន្ធ»

ជាការឆ្លើយតប, សហភាពអឺរ៉ុបនឹងទម្លាក់ចោលការដំឡើងពន្ធសងសឹកលើទំនិញរបស់សហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបមានជម្លោះពាណិជ្ជកម្មនឹង គ្នា បន្ទាប់ពីអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដំឡើងពន្ធលើការនាំចូលដែកថែប និងអាលុយមីញ៉ូមពីសហភាពអឺរ៉ុបកាលពីជាង ៣ឆ្នាំមុន៕