(វៀងច័ន្ទ)៖ រដ្ឋាភិបាលនៃប្រទេសឡាវ បានសម្រេចចិត្តអូសបន្លាយការអនុវត្តវិធានការបិទខ្ទប់ប្រឆាំង COVID-19 រយៈពេល១៥ថ្ងៃបន្ថែមទៀត ខណៈករណីឆ្លងនៅតែ បន្តកើនឡើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃអាទិត្យ ទី៣១ ខែតុលា ឆ្នាំ២០២១។

បើតាមសុខាភិបាលឡាវ ការបន្តអនុវត្តវិធានការបិទខ្ទប់គឺជាពិតជាមានសារៈសំខាន់បំផុត ដោយសារតែ COVID-19 នៅតែបន្តឆ្លងរាលដាលនៅទូទាំងប្រទេស និងបន្ទាប់ពីបានរកឃើញករណីឆ្លងក្នុងសហគមន៍រាប់រយករណីកាលពីប៉ុន្មានថ្ងៃមុននេះ។

គួរបញ្ជាក់ថា នៅថ្ងៃអាទិត្យនេះដែរ ក្រសួងសុខាភិបាលឡាវបានរាយការណ៍ពីការរកឃើញករណីឆ្លង COVID-19 ក្នុងសហគមន៍ ៦៧៩ករណី និងនាំចូល៦ករណី។ បូកបញ្ចូលតួលេខថ្មីទាំងនេះ ធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនដល់ ៤០,២៧១នាក់ ក្នុងនោះស្លាប់ ៦៥នាក់ និងជាសះស្បើយឡើងវិញ ៦,៥៥៨នាក់៕