(ម៉ូស្គូ)៖ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថាកងទ័ពជើងទឹករុស្ស៊ីប្រចាំតំបន់សមុទ្រខ្មៅ កំពុងតាមដានសកម្មភាពនាវាពិឃាដអាមេរិក USS Porter ដែលបាន ធ្វើដំណើរចូលក្នុងដែនទឹកនៃតំបន់សមុទ្រខ្មៅកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃអាទិត្យ ទី៣១ ខែតុលា ឆ្នាំ២០២១។

បើតាមយោធាអាមេរិក, នាវាពិឃាដ USS Porter បានធ្វើដំណើរឆ្លងកាត់តំបន់សមុទ្រខ្មៅ ដើម្បីទៅចូលរួមការធ្វើសមយុទ្ធហ្វឹកហាត់ជាមួយសម្ព័ន្ធមិត្តនៃអង្គការ NATO និងដៃគូនៅក្នុងតំបន់ ដើម្បីបង្ហាញការប្ដេជ្ញាចិត្តរបស់ NATO ក្នុងការថែរក្សាសេរីភាពធ្វើនាវាចរនៅក្នុងតំបន់ដែនទឹកអន្តរជាតិ។

ប៉ុន្តែ ខាងភាគីរុស្ស៊ីបានបង្ហាញការព្រួយបារម្ភចំពោះការបង្កើនសកម្មភាពយោធារបស់អង្គការ NATO នៅតាមបណ្ដាប្រទេសអឺរ៉ុបខាងកើតដែលស្ថិតនៅក្បែរព្រំដែន របស់រុស្ស៊ី។ មិនតែប៉ុណ្ណោះ ទីក្រុងម៉ូស្គូក៏បានចោទប្រកាន់ផងដែរថាសហរដ្ឋអាមេរិក និង NATO កំពុងប្រែក្លាយតំបន់សមុទ្រខ្មៅទៅជាទីលានប្រឈមមុខដាក់គ្នា ដែលនេះគឺជាជំហានមួយដ៏គ្រោះថ្នាក់អាចបង្កជាជម្លោះយោធា៕