(សិង្ហបុរី)៖ ប្រទេសសិង្ហបុរីបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ ថ្មីៗចំនួន ៣,៤៣២ករណីបន្ថែមទៀត គិតត្រឹមថ្ងៃថ្ងៃព្រហស្បតិ៍ ទី២៨ ខែតុលា ឆ្នាំ២០២១នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA ចេញផ្សាយនៅយប់ថ្ងៃនេះ។

សម្រាប់រយៈពេលដូចគ្នានេះ ប្រទេសអាស៊ានមួយនេះក៏បានរកឃើញអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួន ១៥នាក់បន្ថែមទៀតផងដែរ ដែលនាំចំនួនអ្នកស្លាប់សរុបនៅទូទាំប្រទេសដីកោះដ៏តូចមួយនេះកើនដល់ ៣៦៤នាក់ ចំណែកករណីឆ្លងកូវីដ១៩នៅទូទាំងប្រទេស សរុបចំនួន ១៨៧,៨៥១ ករណីចាប់តាំងពីមានរាតត្បាតជំងឺនេះមក។

ករណីឆ្លងថ្មីប្រចាំថ្ងៃសម្រាប់ថ្ងៃនេះ គឺមានការថយចុះបន្តិចមកវិញ បើធៀបនឹងតួលេខដែលបានរាយការណ៍ កាលពីថ្ងៃពុធម្សិលមិញដែលមានចំនួនឆ្លងថ្មីរហូតដល់ ៥,៣២៤ករណី។

សូមជំរាបថា ស្ថានការណ៍កូវីដ១៩ នៅក្នុងប្រទេសសិង្ហបុរីនៅសប្តាហ៍ចុងក្រោយនេះហាក់កំពុងប្រឈមនឹងរលកឆ្លងថ្មី ដែលមានសភាពធ្ងន់ធ្ងរជាងពេលមុនៗ៕