(វែលីងតោន)៖ ប្រទេសនូវែលសេឡង់នៅថ្ងៃចន្ទ ទី២៥ ខែតុលា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ក្នុងសហគមន៍ថ្មីៗចំនួន ១០៩ករណីបន្ថែមទៀត ដែលភាគច្រើនត្រូវបានរកឃើញនៅក្នុងទីក្រុងដ៏ធំបំផុតរបស់ខ្លួន នោះគឺទីក្រុងអកលែនដ៍ (Auckland) ខណៈដែលវាជាចំនួនករណីឆ្លងប្រចាំថ្ងៃ ខ្ពស់បំផុតទី ២ ចាប់តាំងពីវីរុសបំប្លែងខ្លួន Delta បានចាប់ផ្តើមរាតត្បាត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

ការកើនឡើងនូវករណីឆ្លង បានបង្ខំឱ្យនាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី ចេស៉ីនដា អាដឺន (Jacinda Ardern) បោះបង់ចោលនូវយុទ្ធសាស្ត្រលុបបំបាត់ជំងឺ COVID-19 របស់លោកស្រីហើយប្តូរទៅរកយុទ្ធសាស្រ្ត «សម្របខ្លួនរស់នៅជាមួយជំងឺនេះវិញ» ដោយផ្ដោតយ៉ាងខ្លាំងទៅលើការបង្កើន អត្រានៃការចាក់វ៉ាក់សាំង។

គិតត្រឹមថ្ងៃចន្ទនេះ ប្រហែល ៧១ភាគរយនៃប្រជាជននូវែលសេឡង់ទាំង ៥លាននាក់ បានទទួលការចាក់វ៉ាក់សាំងពេញលេញ (ចំនួន ០២ដូស) រួចរាល់ហើយ។ កាលពីសប្តាហ៍មុន លោកស្រី Jacinda Ardern បាននិយាយថា ប្រទេសនូវែលសេឡង់នឹងបញ្ចប់វិធានការបិទខ្ទប់ដ៏តឹងរ៉ឹងរបស់ខ្លួន និងស្តារសេរីភាពបន្ថែមទៀតលុះត្រាតែប្រហែល ៩០ភាគរយ នៃប្រជាជនរបស់ខ្លួនបានទទួលការចាក់វ៉ាក់សាំងពេញលេញ៕