(ស៉ីដនី)៖ ក្រុមមន្ត្រីអូស្ត្រាលីគ្រោងនឹងដាក់ចេញ នូវយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 «ដូសទី៣ ឬដូសជំរុញ» ក្នុងពេលឆាប់ៗនេះ ដើម្បីការពារការកើតឡើងវិញនៃករណីឆ្លង ខណៈប្រជាជនដែលរស់នៅក្នុងទីក្រុងធំៗចំនួន ២ របស់ប្រទេសនេះ គឺទីក្រុងស៊ីដនី និងមែលប៊ន បានចាប់ផ្តើមរីករាយនឹងសេរីភាពកាន់តែច្រើន បន្ទាប់ពីការជាប់គាំងអស់រយៈពេលជាច្រើនខែ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែតុលា ឆ្នាំ២០២១។

ជុំវិញគម្រោងខាងលើនេះ លោកឧត្តមសេនីយឯក ចន ហ្វ្រេវែន (John Frewen) ប្រធានក្រុមការងារចាក់វ៉ាក់សាំងរបស់ប្រទេសអូស្រ្តាលី បានគូសបញ្ជាក់ប្រាប់សារព័ត៌មាន ABC នៅថ្ងៃចន្ទនេះថា «យើងគិតថា អ្វីដែលនឹងកើតឡើងនោះគឺ ការចាក់វ៉ាក់សាំងដូសទី ៣ ឬដូសជំរុញ នឹងត្រូវធ្វើឡើងចាប់ពីរយៈពេល ៦ខែនៃការចាក់វ៉ាក់សាំងដូសទី ២ របស់អ្នក»

លោក Frewen បានថ្លែងបន្ថែមទៀតថា ការណែនាំពីក្រុមផ្តល់ប្រឹក្សាអំពីការចាក់វ៉ាក់សាំងរបស់ប្រទេសនេះ ស្តីពីការចាក់វ៉ាក់សាំងដូសទី ៣ ឬដូសជំរុញគឺ «ជិតមកដល់ហើយ»។ បុគ្គលិកសុខាភិបាល និងអ្នករស់នៅក្នុងមណ្ឌលថែទាំមនុស្សចាស់ និងពិការ នឹងត្រូវបានផ្តល់ការចាក់ក្នុងដំណាក់កាលដំបូង។

គួរបញ្ជាក់ថា ក្រុមមន្ត្រីអូស្រ្តាលីកំពុងងាករេ ការផ្តោតចំណាប់អារម្មណ៍របស់ពួកគេ ជាបណ្តើរៗទៅលើការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ ខណៈប្រជាជនពេញវ័យរបស់ប្រទេសអូស្ត្រាលីជិត ៧៥ភាគរយហើយ បានទទួលការចាក់វ៉ាក់សាំង «ពេញលេញ» រួចរាល់ ហើយប្រជាជនដែលមានអាយុលើសពី ១៦ឆ្នាំរបស់ប្រទេសនេះជិត ៨៧ភាគរយ ក៏បានទទួលការចាក់វ៉ាក់សាំង «ដូសដំបូង» របស់ពួកគេរួចរាល់ហើយដែរ៕