(រ៉ង់ហ្គូន)៖ របបយោធាមីយ៉ាន់ម៉ា បានប្រកាសចាត់ទុកថារបាយការណ៍សិទ្ធិមនុស្សចុងក្រោយបំផុត របស់អង្គការសហប្រជាជាតិ (UN) មានលក្ខណៈញុះញង់ឱ្យមានការប្រព្រឹត្តអំពើហិង្សា និងជាការលូកលាន់កិច្ចការផ្ទៃក្នុងរបស់មីយ៉ាន់ម៉ា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០២១។

ប្រតិកម្មរបស់របបយោធាមីយ៉ាន់ម៉ា កើតមានឡើងបន្ទាប់ពី UN កាលពីថ្ងៃសុក្រសប្ដាហ៍មុន បាននិយាយនៅក្នុងរបាយការណ៍មួយថាខ្លួនមានការព្រួយបារម្ភជាខ្លាំងចំពោះ គ្រោះមហន្តរាយសិទ្ធិមនុស្សនៅក្នុងប្រទេសមីយ៉ាន់ម៉ា ជាពិសេសនៅក្រោយមានសេចក្ដីរាយការណ៍ជាបន្តបន្ទាប់ថាកងទ័ពរាប់ម៉ឺនាក់ និងអាវុធធុនធ្ងន់ជាច្រើនត្រូវបាន ដាក់ពង្រាយបន្ថែមនៅតាមតំបន់ជាច្រើនស្ថិតនៅខាងជើង និងភាគពាយព្យនៃប្រទេស។ យុទ្ធសាស្ត្របែបនេះក៏ត្រូវបានអ្នករាយការណ៍ពិសេស UN ស្ដីពីមីយ៉ាន់ម៉ា លោក Tom Andrews ព្រមានផងដែរថាមានលក្ខណៈដូចគ្នាទៅនឹងយុទ្ធសាស្ត្របង្ក្រាបយ៉ាងហិង្សាលើជនជាតិដើមភាគិតិចមូស្លីមរ៉ូហ៊ីងយ៉ាកាលពីឆ្នាំ២០១៦ និងឆ្នាំ២០១៧។

តែទោះយ៉ាងណាក៏ដោយ ក្រសួងការបរទេសនៃរបបយោធាមីយ៉ាន់ម៉ា កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះបានថ្កោលទោសរបាយការណ៍ថ្មីនេះដោយចោទថា UN ប្រើវាជាឧបករណ៍នយោបាយដើម្បីលូកលាន់ចូលកិច្ចការផ្ទៃក្នុងរបស់មីយ៉ាន់ម៉ា។ ក្រសួងមួយនេះបន្ថែមទៀតថារបាយការណ៍របស់ UN មានលក្ខណៈញុះញង់ឱ្យមាន ការប្រព្រឹត្តអំពើហិង្សា និងបង្កការបែកបាក់ផ្ទៃក្នុងរបស់មីយ៉ាន់ម៉ាតែប៉ុណ្ណោះ។

គួរបញ្ជាក់ថា បើតាមអង្គការសង្គមស៊ីវិលនៅក្នុងប្រទេសមីយ៉ាន់ម៉ា, មនុស្សច្រើនជាង ១,១០០នាក់ហើយបានស្លាប់នៅក្នុងភាពចលាចល ចាប់តាំងពីមានព្រឹត្តិការណ៍ ថ្ងៃទី០១ ខែកុម្ភៈ ដែលអន្តរជាតិចាត់ទុកថាជាការធ្វើរដ្ឋប្រហារយោធាទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អោង សាន ស៊ូជីមក៕