(រ៉ាម៉ាល់ឡោះ)៖ អាជ្ញាធរប៉ាឡេស្ទីនបានថ្កោលទោសអ៊ីស្រាអែល ចំពោះការរៀបចំដេញថ្លៃ ដើម្បីសាងសង់លំនៅដ្ឋានថ្មីៗចំនួន ១,៣៥៥ខ្នង នៅក្នុងផែនការតាំងទីលំនៅរបស់អ៊ីស្រាអែល នៅលើទឹកដីតំបន់ វែសត៍ ប៊ែង (West Bank)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី២៥ ខែតុលា ឆ្នាំ២០២១។

ក្រសួងការបរទេសប៉ាឡេស្ទីនបានគូសបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ការដាក់ដេញថ្លៃសាងសង់លំនៅឋានរាប់ពាន់ខ្នងខាងលើនេះ គឺជាការពុះពាររបស់អ៊ីស្រាអែលដោយបើកចំហ ដើម្បីបន្តការសាងសង់លំនៅឋាន នៅក្នុងទឹកដីរបស់ប៉ាឡេស្ទីន។ ការបន្តសកម្មភាពសាងសង់ទីលំនៅនៅតំបន់ West Bank និង ហ្សេរុយសាឡឹមខាងកើត (East Jerusalem) គឺជាការមិនអើពើ ចំពោះដំណោះស្រាយរបស់អន្តរជាតិ និងសហរដ្ឋអាមេរិក ដែលបានបដិសេធរួចមកហើយ នូវការតាំងទីលំនៅបែបនេះ»

ប៉ាឡេស្ទីនក៏បានព្រមានផងដែរ អំពីផលប៉ះពាល់ទៅដល់ដំណោះស្រាយរដ្ឋពីរ «two-state solution» ដោយសារតែផែនការសាងសង់លំនៅឋានថ្មី របស់អ៊ីស្រាអែលនេះ, ហើយរដ្ឋាភិបាលអ៊ីស្រាអែលត្រូវតែទទួលខុសត្រូវទាំងស្រុង និងដោយផ្ទាល់ចំពោះផលវិបាកទាំងឡាយ ដែលខ្លួនបានបង្កឡើង ដោយសារតែការរំលោភបំពានលើ ខ្សែបន្ទាត់ក្រហមទាំងអស់នេះ។

កាលពីថ្ងៃអាទិត្យ ទី២៤ ខែតុលា សារព័ត៌មានអ៊ីស្រាអែលបានចេញផ្សាយថា អ៊ីស្រាអែលបានដាក់ចេញនូវការដេញថ្លៃ ដើម្បីសាងសង់លំនៅឋានថ្មីសរុប ១,៣៥៥ខ្នង នៅក្នុងគម្រោងសាងសង់របស់ខ្លួន ដែលកំពុងប្រព្រឹត្តទៅស្រាប់ទៅហើយ នៅតំំបន់ West Bank៕