(អាមេរិក)៖ ម្ចាស់ក្រុមហ៊ុន SpaceX លោក Elon Musk បានប្រកាសនៅថ្ងៃសុក្រសប្តាហ៍នេះថា នាវាអវកាសគំរូ SN20 របស់ក្រុមហ៊ុន SpaceX នឹងត្រូវធ្វើតេស្តហោះហើរចូលក្នុង គន្លងគោចរជុំវិញភពផែនដី នៅអំលុងខែវិច្ឆិកា ឆាប់ៗខាងមុខនេះហើយ ដោយវានឹងក្លាយជាព្រឹត្តិការណ៍ដ៏គួរឲ្យចាប់អារម្មណ៍បំផុត នៅក្នុងវិស័យបច្ចេកវិទ្យាអវកាស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Space នារសៀលថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១។

កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅសហរដ្ឋអាមេរិក) ក្រុមហ៊ុន SpaceX បានបញ្ចេះសាកល្បងម៉ាស៊ីនរ៉ុក្កែតរបស់ SN20 ប្រកបដោយជោគជ័យ។ ខណៈដែលកន្លងមក ការគ្រោងរុញច្រាន SN20 តាមរយៈគ្រាប់រ៉ុក្កែត Super Heavy ឡើងទៅកាន់គន្លងគោចរជុំវិញភពផែនដីជាលើកដំបូង ត្រូវបានគេរំពឹងថា នឹងអាចកើតឡើងនៅដើមឆ្នាំ២០២២, លោក Elon Musk បានបង្ហោះសារលើ Twitter នៅក្រោយបញ្ចប់ការបញ្ចេះម៉ាស៊ីនរ៉ុក្កែតខាងលើនេះថា ការហោះហើរសាកល្បងនឹងអាចកើតឡើង ឆាប់បំផុតនៅក្នុងខែវិច្ឆិកាខាងមុខនេះ។

សារលើគណនី Twitter ផ្លូវការរបស់លោក Elon Musk បានគូសបញ្ជាក់បែបនេះថា «ប្រសិនបើអ្វីៗប្រព្រឹត្តទៅដោយភាពប្រសើរ, នាវាអវកាស (Starship) នឹងត្រៀមខ្លួនរួចរាល់សម្រាប់ការហោះហើរ ទៅក្នុងគន្លងគោចរផែនដី តាមការគ្រោងទុកនៅខែក្រោយនេះ (ខែវិច្ឆិកា)»

គួរបញ្ជាក់ថា ការធ្វើតេស្តដ៏ធំខាងលើនេះ កំពុងរង់ចាំការអនុម័តយល់ព្រម ពីសំណាក់រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក (FAA) នៅឡើយ, ហេតុដូច្នេះ SpaceX ត្រូវរង់ចាំរហូតដល់មានការយល់ព្រមជាផ្លូវការ ទើបអាចចាប់ផ្តើមការធ្វើតេស្តបាន។ FAA ធ្លាប់បានលើកឡើងថា ខ្លួនត្រូវការពេលវេលា ដើម្បីត្រួតពិនិត្យផ្នែកបច្ចេកទេស និងទទួលយកមតិពីគ្រប់មជ្ឈដ្ឋាន ដែលនឹងត្រូវបិទបញ្ចប់ត្រឹមថ្ងៃទី០១ ខែវិច្ឆិកា៕