(រ៉ង់ហ្គូន)៖ គណបក្សជាសម្ព័ន្ធមិត្តរបស់យោធាមីយ៉ាន់ម៉ា នៅថ្ងៃសុក្រសប្ដាហ៍នេះបានអំពាវនាវឱ្យរបបយោធាសព្វថ្ងៃ បើកកិច្ចចរចាជាមួយក្រុមអ្នកប្រឆាំង នឹងការធ្វើរដ្ឋប្រហារ ខណៈលោក មីន អោង ហ្លេង កំពុងរងសម្ពាធឱ្យបិទបញ្ចប់ភាពចលាចលដ៏បង្ហូរឈាមក្នុងរយៈពេលជិត ៩ខែមកនេះ។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៣ ខែតុលា ឆ្នាំ២០២១។

ថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន AFP លោក Nandar Hla Myint ជាអ្នកនាំពាក្យគណបក្សសហភាពសាមគ្គីភាព និងការអភិវឌ្ឍ បានបញ្ជាក់ដូច្នេះថា« យើង ត្រូវតែមានកិច្ចសន្ទនា ដើម្បីផលប្រយោជន៍ប្រជាជនរបស់យើង...វាអាចនឹងពិបាកក្នុងការស្វែងរកដំណោះស្រាយ ប្រសិនបើយើងនៅតែស្ថិតក្នុងស្ថានភាព ដូចសព្វថ្ងៃ»។ លោកបន្ថែមថាមេដឹកនាំរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា លោក មីន អោង ហ្លេង គឺជាអ្នកទទួលខុសត្រូវដឹកនាំប្រទេស ដូច្នេះរដ្ឋាភិបាល
បណ្ដោះអាសន្នរបស់លោកក៏មានទំនួលខុសត្រូវលើការរៀបចំកិច្ចសន្ទនាផងដែរ។

យ៉ាងណាក៏ដោយ លោក Nandar Hla Myint មិនបានបញ្ជាក់ថាតើកិច្ចសន្ទនានឹងមានការចូលរួមពីលោកស្រី អោង សាន ស៊ូជី ដែរឬក៏យ៉ាងនោះទេ។
មីយ៉ាន់ម៉ាបានធ្លាក់ចូលក្នុងភាពចលាចលតាំងតែមានព្រឹត្តិការណ៍ថ្ងៃទី០១ ខែកុម្ភៈដែលអន្តរជាតិចាត់ទុកថាជារដ្ឋប្រហារមកម្ល៉េះ ហើយបើតាមក្រុមអង្គការ សង្គមស៊ីវិលមនុស្សច្រើនជាង ១,១០០នាក់បានស្លាប់នៅក្នុងការបង្ក្រាបពីសំណាក់កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា។

គួរបញ្ជាក់ថា អង្គការសហប្រជាជាតិ (UN) នៅថ្ងៃសុក្រសប្ដាហ៍នេះដែរ បានបង្ហាញអំពីការភ័យខ្លាចថា គ្រោះមហន្តរាយសិទ្ធិមនុស្សនៅប្រទេសមីយ៉ាន់ម៉ា នឹងកាន់តែកើនឡើង ចំពេលមានសេចក្តីរាយការណ៍ថា កងទ័ពរាប់ពាន់នាក់កំពុងប្រមូលផ្តុំគ្នា នៅភាគខាងជើងនៃប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ដែលបង្កឱ្យមានភាពច្របូកច្របល់ ចាប់តាំងពីព្រឹត្តិការណ៍រដ្ឋប្រហារ កាលពីថ្ងៃទី០១ ខែកុម្ភៈ៕