(យូអិន)៖ អង្គការសហប្រជាជាតិ (UN) នៅថ្ងៃសុក្រសប្ដាហ៍នេះ បានបង្ហាញអំពីការភ័យខ្លាចថា គ្រោះមហន្តរាយសិទ្ធិមនុស្សនៅប្រទេសមីយ៉ាន់ម៉ា នឹងកាន់តែកើនឡើង ចំពេលមានសេចក្តីរាយការណ៍ថា កងទ័ពរាប់ពាន់នាក់កំពុងប្រមូលផ្តុំគ្នា នៅភាគខាងជើងនៃប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ដែលបង្កឱ្យមានភាពច្របូកច្របល់ ចាប់តាំងពីព្រឹត្តិការណ៍រដ្ឋប្រហារ កាលពីថ្ងៃទី០១ ខែកុម្ភៈ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែតុលា ឆ្នាំ២០២១។

អ្នករាយការណ៍ពិសេសរបស់ UN ប្រចាំប្រទេសមីយ៉ាន់ម៉ា លោក ថម អ៊ែនឌ្រូស៍ (Tom Andrews) បាននិយាយថា «យើងទាំងអស់គ្នាគួរតែត្រៀមខ្លួន ដូចដែលប្រជាជននៅក្នុងផ្នែកខ្លះនៃប្រទេសមីយ៉ាន់ម៉ា បានត្រៀមខ្លួនរួចជាស្រេចផងដែរ សម្រាប់អំពើឧក្រិដ្ឋកម្មដ៏អាក្រក់ ដែលអាចកើតមានឡើងបន្ថែមទៀត។ ប៉ុន្តែខ្ញុំនៅតែសង្ឃឹមថា ខ្ញុំគិតខុសទៅចុះ»

លោក Tom Andrews ដែលកំពុងរៀបរៀបរបាយការណ៍សិទ្ធិមនុស្សប្រចាំឆ្នាំ ស្តីពីប្រទេសមីយ៉ាន់ម៉ា ទៅកាន់មហាសន្និបាត UN បាននិយាយបន្ថែមថា លោកបានទទួលព័ត៌មានអំពីកងទ័ពរាប់ពាន់នាក់ កំពុងប្រមូលផ្ដុំគ្នានៅតំបន់ភាគខាងជើង និងភាគពាយ័ព្យនៃប្រទេសមីយ៉ាន់ម៉ា។ លោកបានបន្តថា ការរកឃើញនេះក៏បានបង្ហាញផងដែរថា របបយោធាបានជាប់ពាក់ព័ន្ធនឹង ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាម។

គួរបញ្ជាក់តាមក្រុមអ្នកឃ្លាំមើលស្ថានការណ៍ នៅក្នុងប្រទេសមីយ៉ាន់ម៉ាឲ្យដឹងថា រហូតមកទល់ពេលនេះ ជនស៊ីវិលជាង ១,១០០នាក់ហើយបានស្លាប់ នៅក្នុងការបង្ក្រាបជាបន្តបន្ទាប់នៅទូទាំងប្រទេសនេះ ខណៈមនុស្សជាង ៨,០០០នាក់ទៀត ត្រូវបានចាប់ខ្លួន (ក្នុងនោះខ្លះត្រូវបានដោះលែងវិញហើយ) គិតចាប់តាំងពីការកើតមានរដ្ឋប្រហារ ទម្លាក់រដ្ឋាភិបាលលោកស្រី អោង សាន ស៊ូ ជី ចេញពីអំណាចកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១៕