(វ៉ាស៊ីនតោន)៖ តំបន់អាស៊ីទាំងមូលកំពុងមាននិន្នាការឆ្ពោះទៅរកទិសដៅដ៏គ្រោះថ្នាក់ ក្នុងបរិបទដែលការអភិវឌ្ឍបច្ចេកវិទ្យាមីស៊ីលកាន់តែរីកសាយភាយទាំងនៅក្នុងចំណោម សម្ព័ន្ធមិត្ត និងគូប្រជែងរបស់សហរដ្ឋអាមេរិក។ រីឯ បណ្ដាប្រទេសជាមហាអំណាចនុយក្លេអ៊ែរនាំគ្នាធ្វើទំនើបកម្មអាវុធនុយក្លេអ៊ែររៀងៗខ្លួន នៅចំពោះមុខការដើរថយក្រោយនៃ លទ្ធិប្រជាធិបតេយ្យ និងការថយចុះឥទ្ធិពលសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ខណៈឥទ្ធិពលចិនកើនឡើង។

សហរដ្ឋអាមេរិកមិនមែនជាដើមហេតុនៃនិន្ននាការដ៏គ្រោះថ្នាក់ទាំងនេះទេ ប៉ុន្តែគឺយុទ្ធសាស្ត្រយោធារបស់អាមេរិកចំពោះតំបន់អាស៊ីទៅវិញទេ ដែលធ្វើឱ្យស្ថានការណ៍កាន់តែ យ៉ាប់យ៉ឺន។ តាមរយៈការបង្កើនវត្តមានយោធា និងសព្វាវុធនៅក្នុងតំបន់ ក៏ដូចជាការលើកទឹកចិត្តឱ្យសម្ព័ន្ធមិត្តរបស់ខ្លួនពង្រីកឃ្លាំងអាវុធ, ទីក្រុងវ៉ាស៊ីនតោនកំពុងបង្ហាញប្រាប់ ពិភពលោកថាជម្លោះអាចនឹងផ្ទុះឡើងដោយចៀសមិនរួច។ សហរដ្ឋអាមេរិកបានចាត់ទុកចិន និងកូរ៉េខាងជើងគឺជាបញ្ហាជាក់ស្ដែងរបស់អាស៊ីតែមួយគត់ ប៉ុន្តែទន្ទឹមគ្នា អាមេរិក ខ្លួនឯងបានប្រគល់ដំណែងតួឯកសេដ្ឋកិច្ចទៅឱ្យចិន ហើយបានបោះបង់ចោលសមត្ថភាពរបស់ខ្លួនក្នុងការដោះស្រាយបញ្ហាវិសមភាព, ការប្រែប្រួលអាកាសធាតុ និងបញ្ហាដទៃទៀត ដែលបង្កអសន្តិសុខក្នុងតំបន់ តាមមធ្យោបាយ «មិនមែនផ្លូវយោធា»។ នេះជាមូលហេតុមួយធ្វើឱ្យសហរដ្ឋអាមេរិកប្រជែងឥទ្ធិពលមិនឈ្នះចិន នៅក្នុងតំបន់អាស៊ី។

* យោធាដើរមុនការទូត

យុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកចំពោះតំបន់អាស៊ី និងនៅជុំវិញពិភពលោកក្នុងរយៈពេលរាប់សិបឆ្នាំមកនេះគឺឱ្យយោធាដើរមុន ទើបការទូត និងសេដ្ឋកិច្ចដើរតាមក្រោយ ស្របពេលដែលយុគសម័យបច្ចុប្បន្នត្រូវបានគេចាត់ទុកថាជាយុគសម័យប្រជែងខាងសេដ្ឋកិច្ច។ អតីតប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា និងលោក ដូណាល់ ត្រាំ បានដើរតាម យុទ្ធសាស្ត្រនេះក្នុងការរក្សាភាពជាមហាអំណាចរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ ក្រោមយុទ្ធសាស្ត្រដែលគេស្គាល់ជាទូទៅថា «យុទ្ធសាស្ត្រផ្តោតជាអាទិភាពលើតំបន់អាស៊ី» និង «សេរីភាព និងបើកចំហតំបន់ឥណ្ឌូប៉ាស៊ីហ្វិក»។ យុទ្ធសាស្ត្រទាំង២នេះមើលឃើញថាការកើនឡើងឥទ្ធិពលចិនទាំង សេដ្ឋកិច្ច, នយោបាយ និងយោធាជាការគំរាមកំហែងដ៏ធំដល់ ភាពជាអំណាចលេខ១ នៅលើពិភពលោករបស់សហរដ្ឋអាមេរិក ហើយសូម្បីតែលោកប្រធានាធិបតី ចូ បៃដិន ក៏ត្រូវបានគេមើលឃើញថានៅតែដើរតាមយុទ្ធសាស្ត្រនេះដដែល ចំពោះតំបន់អាស៊ី។

ដើម្បីខ្ទប់ការធ្វើទំនើបកម្មកងទ័ពជើងទឹកយ៉ាងឆាប់រហ័សរបស់ចិន, រដ្ឋបាលលោក បៃដិនបានដាក់ចេញនូវយុទ្ធសាស្ត្រយោធាដ៏មានមហិច្ឆតាមួយដែលសព្វថ្ងៃគេហៅថា «ឥណ្ឌូ- ប៉ាស៊ីហ្វិក»។ នៅក្រោមយុទ្ធសាស្ត្រឥណ្ឌូ- ប៉ាស៊ីហ្វិកនេះ, សហរដ្ឋអាមេរិកបានបើកដៃឱ្យសម្ព័ន្ធមិត្តរបស់ខ្លួនដូចជា ជប៉ុន និងកូរ៉េខាងត្បូង អភិវឌ្ឍបច្ចេកវិទ្យាមីស៊ីល, ចែករំលែក បច្ចេកវិទ្យាផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរជាមួយអូស្ត្រាលី នៅក្រោមសម្ព័ន្ធភាព AUKUS ព្រមទាំងបង្កើនការលក់សព្វាវុធឱ្យកោះតៃវ៉ាន់ និងហ្វីលីពីដែលសុទ្ធសឹង តែកំពុងមានជម្លោះទឹកដីជាមួយចិន។

លើសពីនេះទៅទៀត, កាលពីពេលថ្មីៗនេះ មន្ទីរបញ្ចកោណនៃក្រសួងការពារជាតិអាមេរិកក៏បានប្រកាសផងដែរពីផែនការបង្កើនវត្តមានយោធាអាមេរិកនៅទូទាំងទី្វបអូសេអានី ក្នុងនោះរួមមានទាំងការសង់មូលដ្ឋានយោធាថ្មីនៅលើប្រទេសដែនកោះមីក្រូណេស៊ី (Micronesia), កោះហ្គាំ, ប៉ាពូអាស៊ីនូវែលហ្គីណេ និងដំឡើងប្រព័ន្ធរ៉ាដាថ្មីមួយនៅលើប្រទេស ដែនកោះប៉ាឡូ (Palau)។ អតីតមន្ត្រីជាន់ខ្ពស់នៃអតីតរដ្ឋបាលលោក ដូណាល់ ត្រាំ ធ្លាប់បានព្រមានថាចិនអាចនឹងបង្កើនការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ រហូតទាល់តែពួកគេគិតថា គ្រប់គ្រាន់អាចកំញើញ ឬទប់ស្កាត់ការវាយប្រហារណាមួយពីសត្រូវ។ អមជាការព្រមាននេះ, រដ្ឋបាលលោក ត្រាំបានដាក់ចេញផែនការធ្វើទំនើបកម្មអាវុធនុយក្លេអ៊ែរ ក្នុងរយៈពេល ៣០ឆ្នាំ ដោយត្រូវចំណាយចន្លោះពី ១.២ទ្រីលានដុល្លារ ដល់ ១.៧ទ្រីលានដុល្លារ។

តាមពិតទៅ, ចាប់តាំងឡើងកាន់អំណាចមក, លោក បៃដិនត្រូវបានគេមើលឃើញថានៅតែបន្តអនុវត្តតាមនយោបាយមួយចំនួនរបស់លោក ត្រាំ។ តួយ៉ាង, លោក បៃដិនបានគាំទ្រផែនការការអភិវឌ្ឍអាវុធនុយក្លេអ៊ែររបស់លោក ត្រាំ ជាពិសេសការអភិវឌ្ឍគ្រូសមីស៊ីលបាញ់ចេញពីនាវាមុជទឹក, មីស៊ីលបាលិស្ទីគនុយក្លេអ៊ែរ Trident D5, ការដាក់ពង្រាយបន្ថែម នូវប្រព័ន្ធខែលការពារមីស៊ីលក្នុងតំបន់អាស៊ីភាគឦសាន រួមទាំងបង្កើតកងកម្លាំងយន្ដហោះទម្លាក់គ្រាប់បែកជំនាន់ថ្មី B-21 ចំនួន១៤៥គ្រឿងដែលទាំងនេះបង្ហាញថារដ្ឋបាលលោក បៃដិន នៅតែផ្ដោតសំខាន់លើ «សកម្មភាពយោធា ជាងការទូត»។

* គ្រោះមហន្តរាយនៅចំពោះមុខ?

យុទ្ធសាស្ត្រយោធានិយមរបស់សហរដ្ឋអាមេរិក មិនត្រឹមតែបង្កហានិភ័យផ្ទុះសង្រ្គាម និងការរត់ប្រណាំងសព្វាវុធប៉ុណ្ណោះទេ ប៉ុន្តែវាក៏កំពុងគំរាមកំហែងផងដែរដល់ស្ថិរភាព និងសន្តិភាពនៅក្នុងតំបន់អាស៊ី។ ជាក់ស្ដែង ការបង្កើតសម្ព័ន្ធភាពយោធាត្រីភាគី AUKUS ដែលអនុញ្ញាតឱ្យសហរដ្ឋអាមេរិក និងអង់គ្លេសជួយអូស្ត្រាលីផលិតនាវាមុជទឹកដើរដោយ ថាមពលនុយក្លេអ៊ែរ អាចនឹងត្រូវបានចិន ឬកូរ៉េខាងជើងប្រើប្រាស់ជាហេតុផលមួយ ក្នុងការពង្រឹងសមត្ថភាពយោធា និងសព្វាវុធ រួមទាំងបង្កើនចំនួនក្បាលគ្រាប់នុយក្លេអ៊ែររបស់ ពួកគេ។

ការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើង, ការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងត្បូង និងសេចក្ដីរាយការណ៍ពីការបង្កើនឃ្លាំងអាវុធនុយក្លេអ៊ែររបស់ចិនកាលពីពេលថ្មីៗនេះ អាចយកមកធ្វើជាទឡ្ហីករណ៍បានថាការរត់ប្រណាំសព្វាវុធនៅក្នុងតំបន់អាស៊ីចាប់ផ្ដើមលេចចេញជារូបរាបជាបណ្ដើរៗហើយ។ ក្រុមអ្នកជំនាញភាគច្រើនយល់ថានៅក្នុងការប្រជែង ជាមួយចិន, សហរដ្ឋអាមេរិកមិនគួរផ្ដោតលើយោធាខ្លាំងពេកនោះទេ ខណៈអ្វីដែលបណ្ដាប្រទេសក្នុងតំបន់អាស៊ីត្រូវការ នោះគឺសេដ្ឋកិច្ច, ការអភិវឌ្ឍ, ការវិនិយោគ និងពាណិជ្ជកម្ម។ ប៉ុន្តែ សហរដ្ឋអាមេរិកបានធ្វេសប្រហែសខ្លួនឯង ចំពោះតម្រូវការសេដ្ឋកិច្ចនៃតំបន់អាស៊ី ដែលនេះបានទុកឱកាសចិនពង្រីកឥទ្ធិពលរបស់ខ្លួនតាមរយៈការពង្រីក កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយបណ្ដាប្រទេសក្នុងតំបន់។

គួរបញ្ជាក់ថា ក្នុងពេលដែលសហរដ្ឋអាមេរិកជាប់រវល់នឹងការលក់អាវុធ និងជាប់ដៃក្នុងជម្លោះនៅមជ្ឈិបូព៌ារាប់សិបឆ្នាំមកនេះ, ចិនឯណេះវិញបានកា្លយជាតួឯកសេដ្ឋកិច្ចដ៏សំខាន់ មិនអាចខ្វះបាននៅក្នុងតំបន់អាស៊ីរួចស្រេចទៅហើយ។ ពាណិជ្ជកម្មរបស់ចិនជាមួយបណ្ដាប្រទេសក្នុងតំបន់អាស៊ី រួមទាំងប្រាក់កម្ចីខាងហេដ្ឋារចនាសម្ព័ន្ធរបស់ចិនបានវ៉ាដាច់ សហរដ្ឋអាមេរិក។ ម្លោះហើយក្នុងពេលបច្ចុប្បន្ន, នៅពេលនិយាយដល់ប្រយោជន៍សេដ្ឋកិច្ច, បណ្ដាប្រទេសក្នុងតំបន់អាស៊ីភាគច្រើន ក្នុងនោះរួមមានទាំងប្រទេស ឬដែនដីដែលមាន ជម្លោះជាមួយទីក្រុងប៉េកាំង សុទ្ធតែមិនហ៊ានចេញមុខប្រឆាំងនឹងចិនដោយផ្ទាល់ ឬក៏ចូលរួមឱ្យពេញទំហឹងជាមួយសហរដ្ឋអាមេរិកដើម្បីប្រឆាំងចិននោះទេ៕

ប្រភព៖ Foreign Affairs (ថ្ងៃសុក្រ ទី២២ ខែតុលា ឆ្នាំ២០២១)