(ញូវយ៉ក)៖ ក្រុមហ៊ុនផលិតឪសថ Pfizer-BioNTech បានបង្ហាញលទ្ធផលការធ្វើតេស្តសាកល្បងវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ លើកុមារអាយុចន្លោះពី០៥ឆ្នាំ ទៅ១១ឆ្នាំថា មានប្រសិទ្ធភាពរបស់ដល់ ៩០.៧% ក្នុងការប្រឆាំងនឹងជំងឺរាតត្បាតសកលមួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២២ ខែតុលា ឆ្នាំ២០២១។

ក្រុមហ៊ុន Pfizer បាននិយាយនៅក្នុងឯកសារសង្ខេបដែលដាក់ជូនរដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាមេរិក(FDA) ថា កុមារចំនួន១៦នាក់នៅក្នុងការធ្វើតេស្តសាកល្បងដែលបានទទួលថ្នាំ placebo ឆ្លងកូវីដ១៩ បើប្រៀបធៀបទៅនឹងកុមារ០៣នាក់ ដែលត្រូវបានចាក់វ៉ាក់សាំង។

ដោយសារកុមារច្រើនជាងពីរដងនៅក្នុងការធ្វើតេស្តដែលមានអ្នកចូលរួម២,២៦៨នាក់ត្រូវបានចាក់វ៉ាក់សាំង បើប្រៀបធៀបទៅនឹងការទទួលថ្នាំ placebo នោះមានន័យថាវាមានប្រសិទ្ធភាពជាង៩០ភាគរយ។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Pfizer-BioNTech បានដាក់សំណើជាផ្លូវការទៅរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) សម្រាប់ការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់កុមារអាយុពី៥ ទៅ១១ឆ្នាំ ខណៈពេលដែលបច្ចុប្បន្នវ៉ាក់សាំងនេះ ត្រូវបានអនុម័តឲ្យប្រើប្រាស់រួចស្រេចទៅហើយ សម្រាប់ក្រុមម្រាប់មនុស្សដែលមានអាយុចាប់ពី១២ ឆ្នាំឡើងទៅ៕