(រ៉ង់ហ្គូន)៖ យោធាមីយ៉ាន់ម៉ា មិនបានរារាំងបេសកជនពិសេសអាស៊ានមួយរូបមិនឱ្យចូលមកកាន់ប្រទេសមីយ៉ាន់ម៉ានោះទេ ប៉ុន្តែនឹងមិនអនុញ្ញាតឱ្យចូលមកជួបជាមួយ អតីតមេដឹកនាំមីយ៉ាន់ម៉ា លោកស្រី អោង សាន ស៊ូជី (Aung Sann Su Kyi) ដែលកំពុងជាប់ឃុំឡើយ ព្រោះលោកស្រីត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋ។ នេះបើយោងតាម ការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែមិថុនា ឆ្នាំ២០២១។

អ្នកនាំពាក្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា លោក ហ្សរ មីន ថាន់ (Zaw Min Tun) ក៏បានបញ្ជាក់ដែរថាការពន្យារពេលរបស់អង្គការសហប្រជាជាតិ (UN) ក្នុងការអនុម័តការ តែងតាំងឯកអគ្គរដ្ឋទូតនៃរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាប្រចាំ UN គឺជាហេតុផលនយោបាយទាំងស្រុង ដោយបន្ថែមថា UN និងបណ្តាប្រទេសដទៃទៀតព្រមទាំងអង្គការ ដទៃទៀត «គួរតែចៀសវាងការប្រើប្រាស់នយោបាយស្តង់ដារពីរ នៅពេលដែលពួកគេចូលរួមក្នុងកិច្ចការអន្តរជាតិ»

គួរបញ្ជាក់ថា សុន្ទរកថារបស់អ្នកនាំពាក្យខាងលើដែលចេញផ្សាយដោយយោធានៅក្នុងសេចក្តីសង្ខេបមួយដែលចុះថ្ងៃពុធ ទី១៣ ខែតុលា ឆ្នាំ២០២១ បានកើតឡើង ចំពេល ដែលអន្តរជាតិបង្កើនបង្កើនការដាក់សម្ពាធលើរបបយោធាមីយ៉ាន់ម៉ា ដើម្បីឲ្យអនុវត្តផែនការសន្តិភាព ៥ចំណុចដែលមេដឹកនាំរបបយោធាមីយ៉ាន់ម៉ា លោកឧត្តមសេនីយ៍ មីន អោង ហ្លេង (Min Aung Hlaing) បានយល់ព្រម កាលពីខែមេសាកន្លងទៅ ជាមួយអាស៊ាន៕