(ប៉េកាំង)៖ អ្នកនាំពាក្យការិយាល័យកិច្ចការកោះតៃវ៉ាន់នៃប្រទេសចិន លោក ម៉ា ហ្សាវក្វាង (Ma Xiaoguang) បាននិយាយនៅថ្ងៃពុធនេះថា សុន្ទរកថារបស់លោក ស៊ី ជិនពីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន (CPC) នៅក្នុងកិច្ចប្រជុំរំលឹកខួបឆ្នាំទី ១១០ នៃបដិវត្តន៍ឆ្នាំ១៩១១ ដែលប្រព្រឹត្តិទៅកាលពីថ្ងៃទី០៩ ខែតុលាកន្លងទៅនេះ បានកំណត់ទិសដៅការងារពាក់ព័ន្ធនឹងកោះតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅល្ងាចថ្ងៃពុធ ទី១៣ ខែតុលា ឆ្នាំ២០២១។

លោក Ma Xiaoguang បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ របស់ការិយាល័យកិច្ចការកោះតៃវ៉ាន់ថា «យើងនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីយល់ឲ្យបានច្បាស់អំពីសុន្ទរកថារបស់លោក ស៊ី ជិនពីង និងអនុវត្តតាម»

លោក Ma Xiaoguang បានគូសបញ្ជាក់បន្ថែមទៀតថា «យើងនឹងបន្តបង្រួបបង្រួមជនជាតិចិនទាំងអស់ រួមទាំងជនរួមជាតិតៃវ៉ាន់ផងដែរ ក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍ទំនាក់ទំនង ឆ្លងកាត់ច្រកសមុទ្រដោយសន្តិភាព ក៏ដូចជាជំរុញដំណើរការនៃការបង្រួបបង្រួម យ៉ាងពេញលេញរបស់ចិន និងសម្រេចក្តីសុបិនរបស់ចិន ក្នុងការធ្វើឱ្យប្រទេសជាតិមានភាពរស់រវើកឡើងវិញ»

គួរបញ្ជាក់ថា នៅក្នុងសុន្ទរកថារបស់លោក ស៊ី ជិនពីង បានលើកឡើងអំពីសមិទ្ធផលជាប្រវត្តិសាស្ត្រ និងសារៈសំខាន់នៃបដិវត្តន៍ឆ្នាំ១៩១១ ក៏ដូចជាបានពិនិត្យឡើងវិញនូវដំណើរដ៏រុងរឿងរបស់បក្សកុម្មុយនិស្តចិន ដែលបានទទួលមរតកបុព្វហេតុបដិវត្តន៍របស់លោកវេជ្ជបណ្ឌិត ស៊ុន យ៉ាតសេន (Sun Yat-sen) និងការរួបរួមគ្នា ព្រមទាំងការដឹកនាំប្រជាជន ឱ្យបន្តកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរ និងពន្យល់អំពីអ្វីដែលបានរៀនសូត្រពីប្រវត្តិសាស្ត្រ បន្ទាប់ពីបដិវត្តន៍ឆ្នាំ១៩១១៕