(រ៉ង់ហ្គូន)៖ អតីតប្រធានាធិបតីមីយ៉ាន់ម៉ា លោក យូ វីន ម្យីនត៍ (U Win Myint) បានរៀបរាប់ជាលើកដំបូងពីស្ថានការណ៍រដ្ឋប្រហារ ដោយអះអាងថា យោធាបានបង្ខំឱ្យលោកចុះចេញពីតំណែង ប្រសិនមិនចង់នាំទុក្ខដាក់ខ្លួន។ នេះបើតាមការដកស្រង់ចេញពី ទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃពុធ ទី១៣ ខែតុលា ឆ្នាំ២០២១។

លោក Win Myint ដែលត្រូវបានយោធាមីយ៉ាន់ម៉ាឃុំខ្លួន រួមជាមួយលោកស្រី អោង សាន ស៊ូ ជី បានធ្វើការកត់សម្គាល់ដូចខាងលើនេះ កំឡុងការផ្ដល់សក្ខីកម្មនៅក្នុងសវនាការ
ជាលើកដំបូងរបស់លោក កាលពីថ្ងៃអង្គារ ទី១២ ខែតុលា។ បើតាមមេធាវីរបស់លោក Win Myint, អតីតប្រធានាធិបតីវ័យ ៦៩ឆ្នាំរូបនេះបាននិយាយថា មន្ត្រីយោធាជាន់ខ្ពស់ ២រូប បានចូលក្នុងផ្ទះរបស់លោកទាំងព្រឹក កាលពីថ្ងៃទី១ ខែកុម្ភៈកន្លងទៅ ហើយបានប្រាប់លោកថា ត្រូវតែលាលែងចេញពីតំណែងដោយប្រើលេសថា មានបញ្ហាសុខភាព។

ប៉ុន្តែលោក Win Myint បានច្រានចោលការស្នើនេះ ហើយថាលោកមានសុខភាពល្អធម្មតា។ បន្ទាប់ពីនោះ មន្ត្រីយោធាទាំង ២រូបដដែលបានព្រមានលោកថា ប្រសិនបើមិនចង់មានគ្រោះថ្នាក់ លោកត្រូវតែលាលែងពីតំណែង។ តែទោះជាយ៉ាងនេះក្ដី លោក Win Myint នៅតែមិនព្រមធ្វើតាមពួកគេឡើយ ហើយក៏បានឆ្លើយតប ទៅកាន់មន្ត្រីយោធាទាំងពីររូបនោះវិញថា រូបលោកសុខចិត្តស្លាប់ជាជាងធ្វើតាមពួកគេ។

គួរបញ្ជាក់ថា លោក Win Myint កំពុងប្រឈមមុខនឹងបទចោទប្រកាន់ជាច្រើនករណី ក្នុងនោះក៏រួមមានបទញុះញង់ឱ្យប្រជាជនមីយ៉ាន់ម៉ា បះបោរប្រឆាំងនឹងរដ្ឋអំណាចផងដែរ។ គិតចាប់តាំងពីមានរដ្ឋប្រហារកាលពីថ្ងៃទី២ ខែកុម្ភៈមក, ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ាបានឱ្យដឹងថា ជនស៊ីវិលច្រើនជាង ១,០០០នាក់បានស្លាប់នៅក្នុងអំពើហិង្សា ហើយមកទល់នឹងពេលចលនាប្រឆាំងយោធាមីយ៉ាន់ម៉ា នៅតែបន្តធ្វើការតស៊ូរបស់ពួកគេដដែល ក្នុងគោលបំណងផ្ដួលរំលំរបបយោធា៕