(ស៉ីដនី)៖ រដ្ឋញូសោតវែលស៍ (New South Wales) អាចបន្ធូរបន្ថយវិធានការរឹតត្បឹតបន្ថែមទៀតនៅទីក្រុងស៊ីដនី រយៈពេលមួយសប្តាហ៍មុនការគ្រោងទុកនៅថ្ងៃទី១៨ ខែតុលាខាងមុខនេះ ខណៈរដ្ឋដែលមានប្រជាជនច្រើនបំផុត របស់ប្រទេសអូស្រ្តាលីមួយនេះ កំពុងឆ្ពោះទៅគោលដៅផ្ដល់ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ពេញលេញ (ចំនួន ០២ដូស) ជូនដល់ប្រជាជនប្រមាណ ៨០ភាគរយហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី១៣ ខែតុលា ឆ្នាំ២០២១។

អភិបាលរដ្ឋ NSW លោក ដូមីនិច ភែរ៉ូតថេត (Dominic Perrottet) បានគូសបញ្ជាក់ប្រាប់វិទ្យុ ABC អូស្ត្រាលីថា «ប្រសិនបើយើងឈានដល់គោលដៅ ផ្ដល់ការចាក់វ៉ាក់សាំងឱ្យបានពេញលេញ ជូនដល់ប្រជាជនរបស់យើងប្រមាណ ៨០ភាគរយ នោះការបន្ធូរបន្ថយនឹងកើតឡើងនៅថ្ងៃចន្ទសប្ដាហ៍ក្រោយនេះ។ យើងនឹងមានការពិភាក្សាលើបញ្ហានេះ ជាមួយក្រុមរបស់យើងនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ហើយយើងនឹងធ្វើការសម្រេចចិត្ត ដើម្បីធ្វើសេចក្ដីប្រកាសនៅថ្ងៃសុក្រសប្ដាហ៍នេះ»

ហាងលក់ទំនិញ ហាងស្រា និងកន្លែងហាត់ប្រាណ ត្រូវបានអនុញ្ញាតឱ្យទទួលអថិតិជន ដែលបានទទួលការចាក់វ៉ាក់សាំងពេញលេញ ក្នុងចំនួនបន្ថែមទៀត នៅពេលអត្រាចាក់វ៉ាក់សាំងឈានដល់ប្រមាណ ៨០ភាគរយ។ ដោយឡែកការពាក់ម៉ាសនៅខាងក្នុងការិយាល័យ ក៏មិនត្រូវតម្រូវឱ្យអនុវត្តទៀតដែរ។ រីឯក្លឹបរាត្រី អាចបើកដំណើរការឡើងវិញបាន សម្រាប់ការអង្គុយផឹកស្រាធម្មតា ខណៈពិធីមង្គលការអាចទទួលភ្ញៀវចូលរួម ដោយគ្មានការកំណត់ចំនួនមនុស្សឡើយ។

គួរបញ្ជាក់ថា ប្រជាជនជាង ៥លាននាក់នៅទីក្រុងស៊ីដនី បានចាកចេញពីភាពជាប់គាំងរយៈពេលជាង ១០០ថ្ងៃ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បន្ទាប់ពីគោលដៅផ្ដល់ការចាក់វ៉ាក់សាំងពេញលេញ ជូនដល់ប្រជាជនប្រមាណ ៧០ភាគរយត្រូវបានសម្រេច ដោយក្រុមមន្រ្តីរដ្ឋញូសោតវែលស៍បានសន្យាថា នឹងបន្ធូរបន្ថយវិធានការរឹតត្បឹតដែលនៅសេសសល់ បន្ទាប់ពីអត្រាចាក់វ៉ាក់សាំងឈានដល់កម្រិត ៨០ភាគរយ និង ៩០ភាគរយ៕