(គូឡាឡាំពួ)៖ ម៉ាឡេស៉ីនាថ្ងៃអាទិត្យនេះ បានសម្រេចដកចេញវិញ នូវបម្រាមធ្វើដំណើរឆ្លងរដ្ឋ និងទៅក្រៅប្រទេស សម្រាប់ប្រជាជនក្នុងប្រទេសខ្លួន ដែលទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ពេញលេញ ឬគ្រប់ដូស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១០ ខែតុលា ឆ្នាំ២០២១។

រដ្ឋាភិបាលម៉ាឡេស៉ីបានសម្រេចយ៉ាងដូច្នេះ ស្របពេលដែលប្រទេសអាស៊ានមួយនេះ បានឈានដល់គោលដៅ នៃការចាក់វ៉ាក់សាំងឲ្យមនុស្សពេញវ័យបាន ៩០ភាគរយ។ បើតាមនាយករដ្ឋមន្រ្តីម៉ាឡេស៉ី លោក អ៉ីស្មែល សាប៊្រី យ៉ាកុប (Ismail Sabri Yaakob) គោលការណ៍ថ្មីនេះ នឹងត្រូវចាប់ផ្តើមអនុវត្តពីថ្ងៃចន្ទសប្តាហ៍ក្រោយទៅ។

លោក អ៉ីស្មែល សាប៊្រី បានថ្លែងថា «រដ្ឋាភិបាលម៉ាឡេស៉ីកំពុងត្រៀមលក្ខណៈ ដើម្បីឆ្ពោះទៅកាន់ដំណាក់កាលថ្មី នៃវិបត្តិ COVID-19 ដែលនឹងមិនមានការអនុវត្ត វិធានការបិទខ្ទប់ទៀតឡើយ ប្រសិនបើការឆ្លងរាលដាលកើនឡើងជាថ្មីក៏ដោយ។ យើងត្រូវតែហាត់រៀនរស់នៅជាមួយ COVID-19 ព្រោះថាជំងឺនេះ ប្រហែលមិនអាចត្រូវកម្ចាត់ចោល ឲ្យបាត់ទាំងស្រុងនោះទេ»

គួរបញ្ជាក់ថា គិតមកទល់ពេលនេះ ជាង៦៥ភាគរយនៃប្រជាជនទាំង ៣២លាននាក់ របស់ម៉ាឡេស៉ី ក្នុងនោះរួមទាំងអ្នកអាយុ១២-១៧ឆ្នាំ គឺទទួលបានការចាក់វ៉ាក់សាំងពេញលេញ។ សម្រាប់ករណីឆ្លងវិញ ប្រទេសអាស៊ានមួយនេះ បានកត់ត្រាសរុប ២.៣លាននាក់ និងស្លាប់ ២៧,២៦៥នាក់ ដោយសារ COVID-19៕