(ម៉ូស្គូ)៖ យន្តហោះមួយគ្រឿងធុន L-410 បានធ្លាក់នៅទីក្រុងមួយ ក្នុងតំបន់តាតាស្តង់ (Tatarstan) ភាគខាងលិចប្រទេសរុស្ស៉ី ដែលបណ្តាលឲ្យមនុស្ស១៦នាក់បាត់បង់ជីវិត និង៧នាក់ទទួលរងរបួស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១០ ខែតុលា ឆ្នាំ២០២១។

ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសរុស្ស៉ីផ្ទាល់ បានរាយការណ៍ថា មនុស្សដែលធ្វើដំណើរក្នុងយន្តហោះខាងលើ គឺជាក្រុមអ្នកលោតឆត្រយោង។ មនុស្សចំនួន៧នាក់ ត្រូវបានគេជួយសង្រ្គោះចេញពីយន្តហោះដែលធ្លាក់ ទាំងរងរបួស ហើយពួកគេត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។ យន្តហោះ L-410 គឺជាប្រភេទយន្តហោះម៉ាស៉ីនពីរ សម្រាប់ការប្រើប្រាស់ក្នុងការដឹកជញ្ជូនរយៈចម្ងាយជិតៗ។

គួរបញ្ជាក់ថា កាលពីខែកញ្ញាកន្លងទៅនេះ យន្តហោះធុន Antonov An-26 មួយគ្រឿង បានធ្លាក់នៅតំបន់ចុងបូព៌ានៃប្រទេសរុស្ស៉ី ដែលផ្តាច់ជីវិតមនុស្ស៦នាក់ ខណៈកាលពីខែកក្កដា មនុស្សទាំង២៨នាក់ ដែលធ្វើដំណើរលើយន្តហោះ An-26 មួយគ្រឿងទៀត បានស្លាប់ ក្រោយយន្តហោះនោះធ្លាក់ នៅតំបន់កាំឆាត់កា (Kamchatka)៕