(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង នៅថ្ងៃសៅរ៍ ទី០៩ ខែតុលា ឆ្នាំ២០២១នេះ បាននិយាយថាប្រទេសរបស់លោកនឹងដឹកនាំការធ្វើ យុទ្ធនាការមួយ ដើម្បីជំរុញឱ្យពិភពលោកលុបចោលច្បាប់កាត់ទោសប្រហារជីវិត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។

ថ្លែងនៅក្នុងសុន្ទរកថារំលឹកដល់ខួបលើកទី៤០ នៃការលុបចោលច្បាប់កាត់ទោសប្រហារជីវិត លោក ម៉ាក្រុង បានបញ្ជាក់បន្ថែមថាសន្និសីទមួយនឹងត្រូវធ្វើឡើងនៅក្នុង ទីក្រុងប៉ារីស ដោយមានការចូលរួមពីបណ្ដាអង្គការសង្គមស៊ីវិលមកពីប្រទេសជាច្រើនដែលមានខ្លះនៅបន្តអនុវត្តទោសប្រហារជីវិត រីឯខ្លះទៀតកំពុងព្យួរការអនុវត្ត ទោសប្រហារជីវិត។

គួរបញ្ជាក់ថា បារាំងគឺជាប្រទេសទី៣៥ នៅលើពិភពលោកដែលបានហាមឃាត់ និងលុបចោលច្បាប់កាត់ទោសប្រហារជីវិត ហើយបារាំងខ្លួនឯងនឹងត្រូវកាន់តំណែង ជាប្រធានផ្លាស់វេនសហភាពអឺរ៉ុប នៅឆមាសទី២ ឆ្នាំ២០២២ខាងមុខនេះ៕