(តៃប៉ិ)៖ ប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី ត្សៃ អ៉ិនវិន (Tsai Ing-wen) បាននិយាយថាតៃវ៉ាន់នឹងធានាការពារសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ ក៏ដូចជាស្វែងរក កិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសប្រជាធិបតេយ្យនៅក្នុងលោក បន្ទាប់ពីយន្ដហោះចម្បាំងរបស់ចិនហោះចូលដែនអាកាសដែនកោះមួយនេះជាបន្តបន្ទាប់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី០៧ ខែតុលា ឆ្នាំ២០២១។

លោកស្រី តៃ្ស អ៉ិនវិន ធ្វើការកត់សម្គាល់បែបនេះប្រាប់សមាជិកព្រឹទ្ធសភាបារាំង ៤រូប និងអតីតនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Tony Abbott ដែលបានបំពេញទស្សនកិច្ច មកកាន់ទីក្រុងតៃប៉ិ។ ថ្លែងនៅឯវិមានប្រធានាធិបតីតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍នេះ លោកស្រី ត្សៃ បានបញ្ជាក់ដូច្នេះថា «យើងនឹងបន្តបំពេញកាតព្វកិច្ចរបស់យើងក្នុងនាម ជាសមាជិកសហគមន៍អន្តរជាតិ ដើម្បីថែរក្សាការពារសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក...ហើយយើងក៏សង្ឃឹមដែរថាអាចនឹងចូលរួមចំណែកកាន់តែច្រើន ជាមួយពិភពលោក ក្រោមកិច្ចសហការជាមួយបារាំង»។

គួរបញ្ជាក់ថា ទាំងបារាំង និងអូស្ត្រាលីមិនមានទំនាក់ទំនងការទូតផ្លូវការជាមួយកោះតៃវ៉ាន់នោះទេ ដូចទៅនឹងបណ្ដាប្រទេសដទៃទៀតដែរ។ រីឯចិនតែងតែបង្ហាញការ ខឹងសម្បារជារឿយៗចំពោះការបំពេញដំណើរទស្សនកិច្ចបែបនេះទៅកាន់កោះតៃវ៉ាន់ ដែលទីក្រុងប៉េកាំងចាត់ទុកត្រឹមតែជាខេត្តមួយរបស់ខ្លួនប៉ុណ្ណោះ៕